នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»។នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាព ដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការព្យាបាលជារឿងមួយ ត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់ និងណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។


ហើយទិសដៅទៅមុខខ្ញុំគិតថា យ៉ាងហោចណាស់យើងត្រូវមានសមត្ថភាព នៅថ្នាក់តំបន់ ដើម្បីព្យាបាលជំងឺមហារីក សំខាន់បំផុតការចូលរួម ក្នុងការបង្ការ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យឲ្យបានតឹងរឹង ក្នុងការនាំចូលបន្លែ-សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗ ឲ្យបានម៉ត់ចត់។ហើយការផ្សព្វផ្សាយជាវិធីសាស្ត្រមួយ ជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ក្នុងការបង្ការជំងឺមហារីក។ដូច្នេះជំរុញឱ្យមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយ នាំឱ្យកើតជំងឺមហារីក។ជំងឺមហារីកបានក្លាយជាការគំរាមកំហែងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពដទៃទៀត របស់ក្រសួងសុខាភិបាល។


ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណជា ២០ ០០០ករណី ហើយប្រជាពលរដ្ឋប្រមាណជា ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។


គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានសរុបជាង ៣១ ០០០នាក់ ពោលកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ តាមរបាយការណ៍ ប្រភេទជំងឺមហារីកដែលមកទទួលការព្យាបាលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូន។ ដូច្នេះផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០២៣០ របស់ក្រសួងសុខាភិបាល ពិតជាដើរតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកឱ្យអ្នកកើតជំងឺមហារីក នៅកម្ពុជា កាន់តែមានចំនួនថយចុះជាលំដាប់៕




ដោយ៖ សំណាង