ក្រុមអ្នករុករករ៉ែចំនួន 13 នាក់ត្រូវបានគេប្រទះរកឃើញស្លាប់នៅក្នុងអណ្តូងរ៉ែមួយក្នុងប្រទេសប៉េរូ បន្ទាប់ពីត្រូវបានគេចាប់ជំរិតជាច្រើនថ្ងៃមកនោះ។ ពួកគេកំពុងធ្វើការនៅក្នុងអណ្តូងរ៉ែមាសមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនរុករករ៉ែប៉េរូ Poderosa ដែលមានមូលដ្ឋាននៅខេត្ត Pataz ភាគខាងជើងនៃរដ្ឋធានី Lima។


ជនរងគ្រោះត្រូវបានគេបញ្ជូនចេញដើម្បីប្រឈមមុខនឹងមនុស្សមួយក្រុមទៀត ដែលពាក់ព័ន្ធនឹងការជីកយករ៉ែខុសច្បាប់នៅក្នុងតំបន់នោះ ប៉ុន្តែត្រូវបានចាប់ពង្រត់ដោយក្រុមឧក្រិដ្ឋជន ដែលព្យាយាមគ្រប់គ្រងអណ្តូងរ៉ែ។ ក្រុមក្មេងទំនើងបានចាប់ពួកគេធ្វើជាចំណាប់ខ្មាំងនៅក្នុងអណ្តូងរ៉ែមួយ។ អស់រយៈពេលមួយសប្តាហ៍ ពួកគេបានផ្ញើសារគំរាមកំហែងទៅកាន់សាច់ញាតិរបស់កម្មកររ៉ែ។


កាលពីថ្ងៃសុក្រ ក្រុមហ៊ុនដែលមានបុគ្គលិក 8,000នាក់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មានការខកចិត្តដែលប៉ូលីសមិនបានធ្វើគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការជីកយករ៉ែខុសច្បាប់។ ក្រុមហ៊ុនបាននិយាយថា ចាប់តាំងពីឆ្នាំ 2020មក ការជីកយករ៉ែខុសច្បាប់បានកាន់កាប់អណ្តូងរ៉ែជាច្រើន ដែលគ្រប់គ្រងដោយ Poderosa។ កាលពីខែមីនា ឧក្រិដ្ឋជនដែលធ្វើការជាមួយកម្មកររ៉ែខុសច្បាប់នៅជិតជ្រោះ La Ciénaga ក្នុងសង្កាត់ Pataz បានវាយប្រហារអ្នកម៉ៅការនៅអណ្តូងរ៉ែ ដោយបានសម្លាប់មនុស្សពីរនាក់។ ក្នុងខែដដែលនេះ ក្រុមហ៊ុនក៏បាននិយាយផងដែរថា អ្នកជីករ៉ែខុសច្បាប់បានបំផ្ទុះប៉មខ្ពស់ដែលផ្គត់ផ្គង់ថាមពលដល់អណ្តូងរ៉ែ ហើយព្យាយាម “លុកលុយ” កន្លែងជីករ៉ែជាច្រើនទៀត។

ក្រុមហ៊ុន Poderosa បានថ្លែងថា ប៉ូលីស និងកងទ័ពមិនអាចគ្រប់គ្រងបានទេ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលស្តារសណ្តាប់ធ្នាប់ឡើងវិញ។ ហើយការជីកយករ៉ែខុសច្បាប់ និងឧក្រិដ្ឋកម្មដែលបានរៀបចំអាចដំណើរការដោយ«និទណ្ឌភាពទាំងស្រុង»។ ប្រទេសប៉េរូគឺជាប្រទេសផលិតមាសដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបានជីកយករ៉ែច្រើនជាង 100 តោនក្នុងមួយឆ្នាំៗ ឬប្រហែល 4% នៃការផ្គត់ផ្គង់មាសប្រចាំឆ្នាំរបស់ពិភពលោកទាំងមូល៕

ប្រភព៖ BBC
ប្រែសម្រួលដោយ៖ វាសនា