ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានអំពាវនាវកាលពីថ្ងៃអាទិត្យឱ្យជនជាតិអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសរបស់ពួកគេ ដោយព្រមានថា ខ្លួននឹងបើកការវាយប្រហារកាន់តែខ្លាំង និងធ្ងន់ធ្ងរបន្ថែមទៀត។លោក Reza Sayyad អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធបាននិយាយបន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់អ៊ីរ៉ង់បានចាប់ផ្តើមប្រឆាំងនឹងអ៊ីស្រាអែល។


លោកបានព្រមានថា «ការជ្រកកោននៅក្រោមដីនឹងមិននាំមកនូវសុវត្ថិភាពដល់ប្រជាជនអ៊ីស្រាអែលឡើយ»។ លោក Sayyad បាននិយាយថា “ដូច្នេះ យើងសូមបញ្ជាក់៖ កុំឲ្យរបបឧក្រិដ្ឋជនប្រើអ្នកជាខែលការពារ”។ ដោយឡែកលោក Mohsen Rezaei មេបញ្ជាការជាន់ខ្ពស់ IRGC ដែលជាសមាជិកនៃក្រុមប្រឹក្សា Expediency របស់អ៊ីរ៉ង់ បាននិយាយថា “យើងអាចឈានដល់ចំណុចមួយ ដែលយើងចាត់វិធានការសំខាន់ៗ ដែលនឹងធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព”។ លោក Rezaei បាននិយាយថា “មនុស្សដែលមានប្រាជ្ញានៅសហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទាញប្រទេសរបស់ពួកគេចេញពីសង្រ្គាមនេះ បើមិនដូច្នេះទេ យើងមិនអាចឈរមើលការពាក់ព័ន្ធរបស់ពួកគេដោយមិនឆ្លើយតបនោះឡើយ”។


អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងយោធា និងនុយក្លេអ៊ែរផងដែរ កាលពីថ្ងៃសុក្រ ដោយជំរុញឱ្យក្រុងតេហេរ៉ង់បើកការវាយប្រហារសងសឹកវិញភ្លាមៗ។ ការវាយប្រហារ និងការវាយបកបានបន្តចាប់តាំងពីពេលនោះមក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរអាចសម្រេចបានសន្តិភាព ហើយថាកិច្ចប្រជុំ និងការអំពាវនាវនេះកំពុងដំណើរការ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា