ភក្តីគុនខ្មែរ រៀបរាប់ទាំងអួរដើមកថា«រាល់ពេលគេង អង្គុយ ធ្វើការ រូបគេនឹកគិតដល់ប្រពន្ធ និងកូនដែលកំពុងស្ថិតនៅកន្លែងជនភៀសសឹកមិនដឹងថាជួបការលំបាកយ៉ាងណានោះទេ»

ភ្នំពេញ៖ ដ្បិតសង្វៀនប្រដាល់មិនមានការប្រកួត ប៉ុន្តែកីឡាករឆ្នើមមួយរូបរបស់ក្លឹបគុនខ្មែរដូនតាតែងតែបន្តសកម្មក្នុងការចូលរួមកម្មវិធីមូលនិធិជាច្រើនកន្លែងដើម្បីជាកម្លាំងជួយរៀបចំ និងជញ្ជូនស្បៀង ផ្ដល់ជូនទៅកាន់បងប្អូនភៀសសឹក ដែលកំពុងជួបការលំបាក និងវីរៈកងទ័ពកម្ពុជានៅខ្សែត្រៀមជួរមុខ។

ភក្តីបានរៀបរាប់ទាំងអួលដើមក ក្នុងឱកាសដែលរូបគេបានចូលរួមនាំយកអំណោយអង្ករ និងថវិការចូលរួមតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រុមការងារថោនគ្រុប ដែលដឹកនាំដោយលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប ។ ភក្តីបានឲ្យដឹងថា ក្នុងនាមជាកូនខ្មែរមួយរូប គេពិតជាមានការឈឺចាប់ខ្លាំងណាស់ ពេលដែលឃើញការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា។

 

អ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀតរូបគេផ្ទាល់ក៏ជាជនភៀសសឹកមួយរូបដែរ ដែលគេមានក្រុមគ្រួសាររស់នៅតំបន់រងការបាញ់ប្រហារផ្ទាល់។ គេមានស្រុកកំណើតស្ថិតនៅក្នុងអន្លង់វែង បច្ចុប្បន្ននេះដ្បិតរស់នៅរាជធានីភ្នំពេញប្រកបអាជីព ក៏ប៉ុន្តែអារម្មណ៍និងបេះដូងកំពុងតែស្ថិតនៅកន្លែងក្រុមគ្រួសារ និងបងប្អូនភៀសសឹក។

កីឡាកររូបនេះបានឱ្យដឹងថា សម្រាប់ទីតាំងដែលក្រុមគ្រួសាររបស់គេរស់នៅ មិនទាន់មានការបាញ់ផ្លោងឲ្យមានការខូចខាតផ្ទះសម្បែងនោះទេ ក៏ប៉ុន្តែដោយសារតែទីតាំងស្ថិតនៅក្បែរតំបន់គ្រាប់ផ្លោងពេកទើបតម្រូវឲ្យក្រុមគ្រួសាររបស់គេ រត់ភៀសខ្លួនចេញមកដើម្បីសុវត្ថិភាពដោយហេតុថាទីតាំងនៅជាប់ព្រំដែនខ្លាំង ហេតុនេះហើយបច្ចុប្បន្នរូបគេផ្ទាល់គេង អង្គុយ ធ្វើការ ក៏គិតដល់កូនប្រពន្ធដែលកំពុងស្ថិតនៅកន្លែងជនភៀសសឹកនោះដែរ។

 

គួរជម្រាបផងដែរថា មួយរយៈចុងក្រោយនេះកីឡាករ កីឡាការនីប្រដាល់គុនខ្មែរ គ្រប់រូបបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជាកម្លាំងក្នុងការចូលរួមជួយទៅដល់បងប្អូនភៀសសឹក តាមបណ្ដោយព្រំដែន ជាពិសេសបង្ហាញនូវភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវីរៈកងទ័ពដ៏អង់អាចក្លាហានដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២