ភ្នំពេញ៖ អស់ទាស់ហើយប៉ះគ្នាបែបនេះទើបដឹងថា អ្នកណាជាអ្នកខ្លាំងពិតប្រាកដនឹងអាចឡើងទៅឈរកំពូលតារាងសម្រាប់សប្តាហ៍នេះបន្តទៀត។ការប្រកួតបាល់ទាត់ដ៏ធំនៅក្នុងប្រទេសកម្ពុជាសប្តាហ៍នេះប្រមូលផ្ដុំសុទ្ធតែក្រុមពិសេសៗ ដោយឡែកក្រុមខ្លាំងដែលប៉ះគ្នា និងជាទីចាប់អារម្មណ៍ខ្លាំងបំផុតប្រចាំសប្តាហ៍នោះគឺក្រុមបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោន និងបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវជើងខ្លាំងកំពូលតារាង ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង៦ ល្ងាចនៅក្នុងថ្ងៃអាទិត្យ ទី ១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅកីឡដ្ឋានក្លឹបបាល់ទាត់ភ្នំពេញក្រោន។


ក្រុមទាំងពីរកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសជាក្រុមដែលមានពិន្ទុដាច់គ្នាមិនឆ្ងាយនោះទេ ប្រសិនបើក្រុមមួយណាហ៊ានភ្លាត់ក្រុមនោះនឹងលែងបានឈរកំពូលតារាងភ្លែត។
ក្រឡេកមកមើលតារាងពិន្ទុលីគកំពូលកម្ពុជាសប្តាហ៍ទី១៦នេះវិញ ព្រះខ័នស្វាយរៀងកំពុងតែឈរនៅកំពូលតារាងនាំមុខគេដោយមាន៣៦ពិន្ទុ តាមពីក្រោយដោយក្រុមបាល់ទាត់សឹងក្រហមភ្នំពេញក្រោន ដែលមាន៣៤ពិន្ទុខុសគ្នាតែពីរពិន្ទុប៉ុណ្ណោះ ។


ដូច្នេះការប្រកួតនៅចុងសប្តាហ៍នេះជាជំនួបដ៏អស្ចារ្យមួយដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅក្នុងស្រុកកំពុងទន្ទឹងរង់ចាំ។ កុំភ្លេចទៅចូលរួមទស្សនាស្រែកហ៊ោរកញ្ជ្រៀវឲ្យបានច្រើនកុះករ គាំទ្របាល់ទាត់កម្ពុជា លីគខ្លាំង ជម្រើសជាតិខ្លាំង ៕

ដោយ៖ វិកគី

