កូនប្រុស១០ឆ្នាំសងសឹកក៏មិនទាន់ហួសពេលដែរ តែមិនទាន់បាន១០ឆ្នាំផង ធឿន ធារ៉ា ជួបសងសឹកជាមួយជើងខ្លាំងដៃគូចាស់ នៅសប្តាហ៍ក្រោយនេះហើយ!

ភ្នំពេញ៖ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ត្រឡប់មកវិញសារជាថ្មីដើម្បីជម្រះបញ្ជីចាស់សងសឹកដៃគូ នៅក្នុងមហាព្រឹត្តិការណ៍ GANZBERG WORLD KUN KHMER 2026 ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោនរួមសហការជាមួយក្រុមហ៊ុនGANZBERG នៅចុងសប្តាហ៍ក្រោយនេះ ដឹងតែកក្រើករញ្ជួយពិភពគុនហើយពេលនេះ។

ការប្រកួតដ៏អស្ចារ្យព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់សងសឹកនេះ នរណាៗក៏ទន្ទឹងរង់ចាំទស្សនាជំនួបដ៏កក្រើកមួយនេះ ស្របពេលដែលធឿន ធារ៉ាបានសម្ងំ ហ្វឹកហាត់អស់ពេលជាយូរខែមកហើយនោះ ដើម្បីសម្រួចផ្លែកែង អាវុធសម្លាប់ដែលធ្វើឲ្យរូបគេល្បីរន្ទឺរក្នុងវិស័យក្បាច់គុនទាំងក្នុងស្រុក និងក្រៅស្រុក។

ការប្ដេជ្ញាចិត្តរបស់គេកន្លងមកថានឹងត្រឡប់មកវិញជាថ្មី ស្របពេលដែលជំនួបសងសឹក ដៃគូចាស់មិនទាន់អស់ចិត្តកាលពីពេលកន្លងទៅ កាន់តែធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអន្ទះសារនៅមិនជាប់ចង់ឱ្យតែដល់ថ្ងៃប្រកួតចូលមកដល់ឆាប់ៗ។

 

ជំនួបនេះមិនត្រឹមតែជាជំនួបសងសឹកប៉ុណ្ណោះទេ ប៉ុន្តែអ្នកលេងពូថៅដៃគុនខ្មែររបស់យើងហ៊ានណាស់ ដល់ថ្នាក់ដាក់ខ្សែក្រវ៉ាត់ដើម្បីឲ្យដៃគូដណ្ដើមថែមទៀត ដូច្នេះមិនមែនជាការប្រកួតធម្មតាៗឡើយ។

ការប្រកួតដែលធ្វើឲ្យកីឡាករធឿន ធារ៉ា ឈឺចាប់គេងមិនលក់ បក់មិនល្ហើយ ហើយសម្ងំចាំតែដល់ថ្ងៃសងសឹកចូលមកដល់ ដែលកាលនោះរូបគេបានបោះបង់ការប្រកួតដោយសារតែជំនួបអំបោះឆៅក្រោមថ្វីដៃរបស់កីឡាករបរទេសរូបនេះ។

 

ការត្រឡប់មកវិញសារជាថ្មីជាមួយការប្រកួតរបស់កីឡាករធឿន ធារ៉ា ត្រូវជួបតតាំងជាមួយកីឡាករ រ៉ូសឡន ណាហ្គីយ៉េវ ជាថ្មី ក្នុងមហាព្រឹត្តិការណ៍GANZBERG WORLD KUN KHMER 2026 8 MEN TOURMENT មិនត្រឹមតែការប្រកួតសងសឹករបស់ធារ៉ានោះទេ ថែមទាំងមានការប្រកួត8 MEN TOURMENT ដែលមានវត្តមានក្របីព្រៃពេជ្រ សម្បត្តិជាបេក្ខភាពថែមទៀតផងដែរ។

កុំភ្លេចជួបគ្នាជាមួយនឹងមហាព្រឹត្តិការប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យក្នុងសករាជថ្មីដើមឆ្នាំ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ទីតាំងរៀបចំសង្វៀនស្ថិតនៅដីឡូតិ៍មួយកន្លែង ក្បែរវត្តស្ងួនពេជ្រ ភូមិសួ្ងនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV , pageផ្លូវការ Town Full HDTV ,Town FM 102.25​ និងនៅលើផេកផ្លូវការ GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២