តំណាងក្រុមហ៊ុន GANZBERG និងឯកឧត្តមហាក់ សុខហេងតំណាងស្ថានីយទូរទស្សន៍ថោនបានទៅលើកទឹកចិត្តពេជ្រ សម្បត្តិដល់ក្លឹប ឱ្យយកកំប៉ុងមាសឱ្យបាន សម្រាប់ព្រឹត្តិការណ៍ប្រកួត 8MEN TOURMENTចុងសប្តាហ៍នេះ!

ភ្នំពេញ៖ ហេតុតែស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ និងលើកទឹកចិត្តដល់កីឡាករគុនខ្មែរ Mr Brune តំណាងក្រុមហ៊ុនBEER GANZBERG នៅព្រឹកថ្ងៃទី 19  ខែមករានេះ បានទៅលេងកីឡាករ ពេជ្រ សម្បត្តិ និងលោកគ្រូពេជ្រ សុផាន់ ដោយផ្ទាល់ដល់ក្លឹបតែម្ដង ក្នុងនោះក៏មានវត្តមានចូលរួមពីឯកឧត្តមហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយ និងជាតំណាងស្ថានីយទូរទស្សន៍ថោន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនផងដែរ។

គោលបំណងនៃការចុះទៅដោយផ្ទាល់ដល់ក្លឹបនេះគឺដើម្បីលើកទឹកចិត្តកីឡាករពេជ្រ សម្បត្តិ ដែលជាកីឡាករ គុនតែមួយរូបជាបេក្ខភាពតំណាងកីឡាករកម្ពុជាក្នុងចំណោមកីឡាករដែលមកពីប្រាំពីរប្រទេសទៀត នៅក្នុងការប្រកួតមហាព្រឹត្តិការណ៍  GANZBERG World Kun Khmer2026។

 

បេក្ខភាព 8MEN TOURNAMENT 2026 ក្នុងមហាព្រឹត្តិការណ៍ដ៏ធំនេះមានដូចជាកីឡាករ ពេជ្រ សម្បត្តិ(កម្ពុជា), កីឡាករ HUANG LINRUI (សាធារណៈរដ្ឋប្រជាមានិតចិន),កីឡាករ B.AMGALANBAYAR (ម៉ុងហ្គោលី),កីឡាករ CRISTIAN BOGDAN (អេស្ប៉ាញ),កីឡាករ ABDUKARIM ANVAROV (អ៊ូសបេគីស្ថាន),កីឡាករ BUDAGYAN ARTUR (រុស្ស៊ី),កីឡាករ REECE MCLACHLAN(ស្កុតឡែន),កីឡាករ PAT LILY (នូវវ៉ែសាឡង់)។

តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ទៅកាន់ Mr Brune ដែលជាតំណាងធំប្រចាំក្រុមហ៊ុន GANZBERG ក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា មូលហេតុដែលលោកជ្រើសរើសផ្ដល់ឱកាសដ៏អស្ចារ្យដល់កីឡាករ ពេជ្រ សម្បត្តិ នាពេលនេះ ដោយលោកធ្លាប់បានឃើញវីដេអូការប្រកួតរបស់គាត់ ហើយមើលឃើញពីសក្តានុពល និងសមត្ថភាពដ៏អស្ចារ្យរបស់ពេជ្រ សម្បត្តិក្នុងនាមជាកីឡាករប្រយុទ្ធទៅលើសង្វៀន ហេតុនេះហើយទើបលោកសម្រេចចិត្តបំពេញក្តីស្រមៃរបស់សម្បត្តិ ដោយអនុញ្ញាតឲ្យក្លាយជាបេក្ខភាពក្នុងការប្រកួត 8MEN TOURMENT។

 

តំណាងក្រុមហ៊ុន GANZBERG រូបនេះ ក៏បានបង្ហាញពីឆន្ទៈនៅក្នុងការបន្តចាប់ដៃគូសហការជាមួយស្ថានីយ៍ទូរទស្សន៍ថោនបន្ទាប់ពីព្រឹត្តិការណ៍ធំមួយនេះ ដើម្បីនាំយកគុនខ្មែរទៅកាន់កម្រិតអន្តរជាតិបន្តទៀត នៅថ្ងៃអនាគតទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្រឡេកមកមើលកីឡាករ ពេជ្រ សម្បត្តិវិញ ក៏បានត្រៀមខ្លួនរួចរាល់ហើយ ដោយរូបគេបានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលទទួលបានឱកាសមាសនេះ គេមិនហ៊ានដាក់ក្តីរំពឹងខ្ពស់សម្រាប់ការប្រកួតនេះប៉ុន្មានទេ ប៉ុន្តែគេប្ដេជ្ញាចិត្តនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងយកកំប៉ុងមាស ពីព្រឹត្តិការណ៍មួយនេះឲ្យបាន ។

 

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោករង់ចាំមើល កីឡាករទាំង 8រូបនឹងត្រូវចាប់ឆ្នោតដើម្បីរើសគូប្រកួតនៅជុំដំបូង តើកីឡាករពេជ្រ សម្បត្តិនឹងត្រូវប៉ះជាមួយកីឡាករមកពីប្រទេសណាមុនគេ? តើកំប៉ុងមាសអាចក្លាយទៅជារបស់គេដែរ ឬទេ?។

កុំឱ្យមហាព្រឹត្តិការណ៍ដ៏កម្រនេះរំលងផុតទៅឲ្យសោះ ពុកម៉ែបងប្អូន ចូលរួមគាំទ្រដើម្បីលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរយើងទាំងអស់គ្នា។ ជាពិសេសមហាព្រឹត្តិប្រកួតខ្សែក្រវ៉ាត់សងសឹករវាងអ្នកលេងពូថៅដៃពិឃាតធឿន ធារ៉ា និងដៃគូចាស់រូសឡែន ព្រមទាំងការប្រកួតពិសេសៗជាច្រើនគូទៀត នាថ្ងៃទី23 ខែមករា ឆ្នាំ2026 ទីតាំងរៀបចំសង្វៀននៅភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍Town Full HDTV , pageផ្លូវការ Town Full HDTV ,Town FM 102.25 និងនៅលើផេកផ្លូវការ GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២