នេះបានគេហៅថាគូធំប្រចាំសប្តាហ៍ ! ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងយប់ម៉ិញតានតឹងខ្លាំង

ភ្នំពេញ៖ កក្រើកកីឡដ្ឋានក្លឹបបាល់ទាត់ភ្នំពេញក្រោន ជំនួបនៃការប្រកួតលីគកំពូលកម្ពុជារវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនយប់មិញ មានភាពតានតឹងខ្លាំង បញ្ចប់ការប្រកួត លទ្ធផលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ក្នុងលទ្ធផល 3ទល់នឹង 2 ។

ជារឿងដ៏កម្រភ្នំពេញក្រោន បរាជ័យជាលើកដំបូង ក្នុងជំនួបកំពូល THE TITAN CLASS សប្តាហ៍ទី១៧ ការប្រកួតកំពូលតារាងខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ សប្តាហ៍ទី១៧ កាលពីយប់ម៉ិញ បានបញ្ចប់ដោយជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ព្រះខ័នរាជស្វាយរៀង លើ ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ បន្ទាប់ពីការប្រកួតដ៏តានតឹង និងក្ដៅគគុកពេញទីលាន ក្រោមក្រសែភ្នែកទស្សនិជនប្រមាណជាង ៥០០០នាក់ ។

ភ្នំពេញក្រោន ជាក្រុមម្ចាស់ផ្ទះ បានចាប់ផ្តើមបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់នាំមុខមុនពីបាល់ពិន័យ (Penalty) នៅនាទីទី២០ ធ្វើឱ្យបរិយាកាសនៅកីឡដ្ឋានកាន់តែពុះកញ្ជ្រោល បន្ទាប់មកមិនបាន១នាទីស្រួលបួលផង ភ្នំពេញក្រោន បានបន្ថែមគ្រាប់ទី២ នៅនាទីទី ២១ ដែលធ្វើឱ្យការប្រកួតកាន់តែជក់ចិត្ត ប៉ុន្តែព្រះខ័នរាជស្វាយរៀង ទោះជាបាត់បង់២គ្រាប់ក៏ដោយ ពួកគេមិនទាន់បោះបង់ទេ ដោយបានវាយបកយ៉ាងរហ័ស និងរកបានគ្រាប់បាល់១គ្រាប់វិញនៅនាទីទី៤០ មុននឹងបន្ថែមគ្រាប់បាល់ទី២តាមស្មើ នៅចុងវគ្គទី១ (45+4) ក្នុងលទ្ធផលចប់វគ្គ ២ទល់២ មុនចូលបន្ទប់សម្រាក។ចូលវគ្គទី២ ការប្រកួតកាន់តែឡើងកម្តៅខ្លាំង ជក់ចិត្ត បន្ថែមទៀត ព្រះខ័នរាជស្វាយរៀង បង្ហាញពីភាពច្បាស់លាស់ក្នុងការប្រយុទ្ធ និងបន្ថែមគ្រាប់ទី៣ នៅនាទីទី៥៩ ធ្វើឱ្យស្ថានការណ៍លំបាកសម្រាប់ភ្នំពេញក្រោន ទោះយ៉ាងណា ម្ចាស់ផ្ទះនៅតែព្យាយាមដល់នាទីចុងក្រោយ។

គួរជម្រាបផងដែរថា ក្រោយជ័យជម្នះនេះបានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ដោយមាន ៣៩ ពិន្ទុ ក្នុង ១៦ ប្រកួត ខណៈដែលភ្នំពេញក្រោន នៅតែឈរលេខ២ មាន ៣៤ ពិន្ទុ ក្នុង ១៥ ប្រកួត ធ្វើឱ្យគម្លាតពិន្ទុរវាងក្រុមទាំងពីរ មានគន្លាតពីគ្នា ៥ពិន្ទុ ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២