ក្នុងជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ម៉ារ៉ាតុងនៅលើសង្វៀនCambodia Mas Fight រវាងធន់ ចំណាប់ និងពេជ្រ វិបុលសុខម្សិលម៉ិញវាយគ្នាឡើងសន្លប់មុនចប់ទឹក!

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់ម៉ារ៉ាតុងនៅលើសង្វៀនCambodia Mas Fight រវាងធន់ ចំណាប់ និងពេជ្រ វិបុលសុខ ម្សិលម៉ិញនេះផ្អើលអស់អ្នកគាំទ្រ។កីឡាករទាំងពីរបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ ប្ដូរអាវុធគ្នាទៅវិញទៅមក ចេញគ្រប់ស្នៀត គប់កែងតាំងពីទឹកមួយ ម្នាក់ល្អដៃ ម្នាក់ល្អជើង តែពេលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចេញអាវុធគ្រប់ក្បាច់។

ក្នុងទឹកទីមួយ ពេជ្រ វិបុលសុខហាក់មានប្រៀបទៅលើកីឡាករធន់ចំណាប់ រហូតធ្វើឲ្យចំណាប់ហ៊ានប្ដូរកែង។ចូលដល់ទឹកទី2 ចំណាប់ចាប់ផ្តើមដាក់សម្ពាធទៅលើវិបុលសុខវិញ ដោយប្រើកណ្តាប់ដៃ និងកែងវាយបុកយ៉ាងសន្ធាប់ទៅលើដៃគូ អ្នកទាំងពីរក៏បានប្ដូរអាវុធគ្នាទៅមកត្រដម ត្រសងគ្នារហូតដល់ដួលលើតាបពី ហើយហក់ធាក់គ្នា ខ្លាំងៗមិនសំចៃកម្លាំង ពិតជាការប្រកួតដ៏ជក់ចិត្ត។

 

ក្នុងជំនួបវាយផ្ដាច់ព្រ័ត្របីទឹកនេះ មិនបានបញ្ចប់ទៅពេញលេញនោះទេ ដោយនៅចុងទឹកទីបី កូនសិស្សរបស់លោកគ្រូធន់ សុភា កីឡាករធន់ ចំណាប់ បានធ្វើការចាក់ជង្គង់ បួនប្រាំជង្គង់ជាប់គ្នា ហើយវាយកែងផ្ដាច់ចុងក្រោយធ្វើឲ្យកីឡាករពេជ្រ វិបុលសុខ សន្លប់រហូតបោះបង់ការប្រកួតទាំងមិនអស់ចិត្ត ហើយម្ចាស់ពានរង្វាន់បានទៅលើកីឡាករធន់ ចំណាប់ ។

សូមជម្រាបផងដែរថា ចំណាប់គឺជាកីឡាករទី 7 នៅក្នុងសប្តាហ៍ដែលបានឈ្នះពានរង្វាន់ត្រៀមឡើងទៅប្រកួតជម្រុះសន្សំពិន្ទុដើម្បីដណ្ដើមខ្សែក្រវ៉ាត់បន្តនៅក្នុងកម្មវិធី Cambodia Mas Fight ដោយរង់ចាំតែបេក្ខភាពមួយរូបទៀតប៉ុណ្ណោះនៅសប្តាហ៍ក្រោយ។ តើអ្នកណានឹងក្លាយជាបេក្ខភាពចុងក្រោយមានឱកាសបានប្រកួតប្រជែងខ្សែក្រវ៉ាត់រដូវកាលនេះ? រង់ចាំទស្សនាទាំងអស់គ្នាបងប្អូន។

 

គួរជម្រាបផងដែរថា កម្មវិធីCambodia Mas Fightទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនខ្មែរបែវើរីជីស ដែលមានការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 3:00 រសៀលតទៅនៅលើកញ្ចក់ទូរទស្សន៍ថោន អ្នកគាំទ្រអាចចូលរួមទស្សនាផ្ទាល់បានដោយសេរីនៅស្ថានិយ៍ទូរទស្សន៍ថោន ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ 6  ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២