ភ្នំពេញ៖ កាន់តែរំភើបជាមួយនឹងការរង់ចាំកីឡាករតែមួយរូបទៀតប៉ុណ្ណោះគ្រប់ចំនួន 8រូប ដែលមានឱកាសឡើងទៅប្រកួតសន្សំពិន្ទុ ត្រៀមប្រជែងយកខ្សែក្រវ៉ាត់IPCCរដូវកាលនេះ នៅលើសង្វៀន Cambodia Mas Fight ដែលមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 3 រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬឬស្សីកែវ រាជនីភ្នំពេញ ។

ឆ្លងកាត់ការប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៃ4Man Marathon កីឡាករដែលចូលរួមប្រកួតប្រជែងដែលដណ្តើមបានពាន សុទ្ធតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីក្លាយជាម្ចាស់ពាន ពីព្រោះថាគ្រប់ម្ចាស់ពានទាំងអស់នឹងឡើងទៅបន្តប្រកួតជម្រុះសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់វិញម្ដង។
ការរៀបចំប្រកួតបែបនេះគឺក្នុងគោលបំណងដើម្បីចម្រាញ់យកអ្នកខ្លាំងពិតប្រាកដ។ គ្រប់កីឡាករដែលមានឱកាសចូលរួមប្រជែងយកខ្សែក្រវ៉ាត់ សុទ្ធតែអ្នកបានឆ្លងកាត់ការប្រកួតជម្រុះ4Man Marathon ប្រចាំសប្តាហ៍ដែលបានក្លាយជាម្ចាស់ពាន ។

ដោយគិតត្រឹមសប្តាហ៍នេះគឺមានរយៈពេល7សប្តាហ៍ហើយ ដែលយើងរកឃើញកីឡាករជាម្ចាស់ពានចំនួន 7 រូបមកពីបណ្ដាក្លឹបផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ហើយម្ចាស់ពានរង្វាន់ដែលរកឃើញ៧រូបដើម្បីទៅដណ្តើមខ្សែក្រវ៉ាត់បន្តក្នុងកម្មវិធី Cambodia mas fightនោះរួមមាន៖
– សប្ដាហ៍ទី១ កីឡាករ សឹង្គ ឡេង (ក្លឹបអេភូថងកីឡា)
– សប្ដាហ៍ទី២ កីឡាករ សៀង សេងហួរ (ក្លឹបបញ្ជាការដ្ឋានកាំភ្លើងធំ)
– សប្ដាហ៍ទី៣ កីឡាករ ណាំ សៀវគុនខ្មែរ (ក្លឹបគុនខ្មែរដូនតា)
– សប្តាហ៍ទី៤ កីឡាករ រិគី សេងហាក់ (ក្លឹបខ្លារខិនមានរិទ្ធ)
– សប្តាហ៍ទី៥ កីឡាករ វុត្ថា សុវណ្ណរាមគ្គ (ក្លឹបនគររាជគុនខ្មែរ)
– សប្តាហ៍ទី៦ កីឡាករ រិទ្ធី ម៉ាណូយ (ក្លឹបគុនខ្មែរស៊ុបពើហ្វៃ)
– សប្តាហ៍ទី៧ កីឡាករ ធន់ ចំណាប់ (ក្លឹបធន់សុភាគុនខ្មែរ)
នៅសល់តែមួយរូបទៀតទេគឺគ្រប់ជើងហើយ ដូច្នេះរង់ចាំអ៊ុតមើលទាំងអស់គ្នា តើនៅក្នុងសប្តាហ៍ចុងក្រោយនេះ កីឡាកររូបណានឹងក្លាយជាបេក្ខភាពទី 8 ។
កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ចុងសប្តាហ៍នេះ កម្មវិធីចាប់ផ្តើមពីម៉ោង 3:00 រសៀលតទៅនៅស្ថានីយទូរទស្សន៍ថោន ៕

ថោយ៖ វិកគី

