ទីបំផុតបេសកម្មស្វែងរកម្ចាស់ពានទី៨ Cambodia Mas Fight បានរកឃើញហើយគឺបានទៅលើសិស្សក្លឹបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរ!

ភ្នំពេញ៖ កក្រើកខ្លាំង អ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវមិនប្រណី តាំងពីគូទីមួយរហូតដល់គូផ្ដាច់ព្រ័ត្រដណ្ដើមពាន ជក់ចិត្តខ្លាំងគ្រប់គូ។កាន់តែធ្វើឲ្យរញ្ជួយសង្វៀនថែមទៀតនោះគឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានដែលបានរកឃើញម្ចាស់ពានទី៨ ដែលជាពេលចុងក្រោយគឺបានទៅលើកីឡាករ លីហេង អាទិត្យ ជាសិស្សរបស់លោកគ្រូសេន ប៊ុនថេន។

ឃើញថា មួយរយៈកន្លងមកនេះ លោកគ្រូពិតជាកាក់កបនៅលើវិស័យគុនខ្មែរ ដោយសិស្សរបស់លោកមិនថាខ្មែរ ឬបរទេសនោះទេ តែងតែទទួលបានពានរង្វាន់ និងខ្សែក្រវ៉ាត់ចូលក្លឹបមិនដាច់ឡើយ។

 

ការប្រកួតម្សិលម៉ិញលោកគ្រូ សេន ប៊ុនថេន និងសិស្សៗដទៃទៀតក៏បានទៅចូលរួមលើកទឹកចិត្តកីឡាករលីហេង អាទិត្យផងដែរ។កីឡាកររូបនេះពិតជាមិនធម្មតា បានប្រកួតយកឈ្នះកីឡាករខ្លានុច ៧មករា ឡើងទៅជុំផ្ដាច់ព្រ័ត្រប៉ះជាមួយកីឡាករឡូញ វណ្ណឌី ដែលជាកីឡាករជើងខ្លាំងមួយរូបមានបទពិសោធន៍ច្រើនលើសង្វៀនគុនខ្មែរ។

ប៉ុន្តែទោះជាយ៉ាងណាក្តីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៣ទឹកពេញយ៉ាងតានតឹង និងល្អមើលជាខ្លាំង កីឡាករទាំងពីរបុកវាយគ្នាម្នាក់មួយទឹក មានទាំងកណ្ដាប់ដៃ ការទាត់ជើងក្រោម ការវាយកែង ក្បាច់ពិសេសៗចេញមកស្ទើរតែទាំងអស់មិនទុកឡើយ។ ក្រោយប្រកាសលទ្ធផលកីឡាករលីហេង អាទិត្យ បានយកឈ្នះវណ្ណ ឌីដោយពិន្ទុ ក្លាយជាម្ចាស់ពានទី៨ ដើម្បីត្រៀមឡើងទៅប្រកួតជម្រុះសន្សំបន្ទុដណ្ដើមខ្សែក្រវ៉ាត់បន្តនៅសង្វៀនCambodia Mas Fight ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ។

សូមជម្រាបផងដែរថា កម្មវិធី Cambodia Mas Fight តែងតែមានការផ្សាយផ្ទាល់ជារៀងរាល់ម៉ោង3 រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ម្ចាស់ពានរង្វាន់រកឃើញ៨រូប ដែលនឹងត្រៀមទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់បន្តក្នុងកម្មវិធី , Cambodia mas fight នោះរួមមាន៖

– សប្ដាហ៍ទី០១ សឹង្គ ឡេង (ក្លិបអេភូថងកីឡា)

– សប្ដាហ៍ទី០២ សៀង សេងហួរ (ក្លិបបញ្ជាការដ្ឋានកាំភ្លើងធំ)

– សប្ដាហ៍ទី០៣ ណាំ សៀវគុនខ្មែរ (ក្លិបគុនខ្មែរដូនតា)

– សប្តាហ៍ទី០៤ រិគី សេងហាក់ (ក្លិបខ្លារខិនមានរិទ្ធ)

– សប្តាហ៍ទី០៥ វុត្ថា សុវណ្ណរាមគ្គ (ក្លិបនគររាជគុនខ្មែរ)

– សប្តាហ៍ទី០៦ រិទ្ធី ម៉ាណូយ (ក្លិបគុនខ្មែរស៊ុបពើហ្វៃ)

– សប្តាហ៍ទី០៧ ធន់ ចំណាប់ (ក្លិបធន់សុភាគុនខ្មែរ)

– សប្តាហ៍ទី០៨ លីហេង អាទិត្យ (ក្លិបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរ)៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២