កីឡាករ សែន រ៉ាដេត កំពុងសម្រួចគោលដៅក្នុងការចេញទៅប្រយុទ្ធក្បាច់គុននៅក្រៅប្រទេសលើកនេះ ដោយតាំងចិត្តថា លុះត្រាតែសន្លប់ទើបនិយាយពាក្យថាចាញ់!

ភ្នំពេញ៖ អ្នកប្រយុទ្ធជើងខ្លាំងល្បីឈ្មោះក្នុងវិស័យគុនខ្មែរ កីឡាករសាច់សល្អក្បាច់សែន រ៉ាដេត បានខិតខំសម្រួចសមត្ថភាពជាខ្លាំង ក្នុងការត្រៀមចេញទៅប្រកួតនៅប្រទេសអេស្ប៉ាញ នាថ្ងៃទី០៧ ខែកុម្ភៈ នេះ ។

កីឡាករសែន រ៉ាដេតជាកីឡាករមួយរូបក្នុងចំណោមកីឡាករ៤រូបដែលត្រៀមឡើងទៅប្រកួតប្រជែងមានទាំងការប្រកួតមិត្តភាព និងការប្រកួតខ្សែក្រវ៉ាត់ជាមួយម្ចាស់ផ្ទះសុទ្ធតែជាជើងខ្លាំងនៅលើសង្វៀនប្រទេសអេស្ប៉ាញ ដើម្បីទៅផ្សព្វផ្សាយគុនខ្មែរជាមួយស្ថានីយ៍ទូរទស្សន៍ថោន ដែលរួមសហការឧបត្ថម្ភផ្ដាច់មុខដោយ GANZBERG ។

 

មុនទៅប្រកួត រ៉ាដេតបានឲ្យដឹងថា ការប្រកួតថ្ងៃខាងមុខនេះលុះត្រាតែសន្លប់បាត់ស្មារតីទើបគេបោះបង់ ពាក្យមួយឃ្លានេះហាក់បីដូចជារ៉ាដេតបានដាក់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្តនៅក្នុងការប្រយុទ្ធ ក្នុងនាមជាអ្នកលេងគុនខ្មែរម្ចាស់ក្បាច់គុនដើម បង្ហាញពីភាពអង់អាចក្លាហាន យ៉ាងពិតប្រាកដ ដើម្បីប្រទេសជាតិ និងអ្នកគាំទ្រ។

កីឡាករសែន រ៉ាដេត នឹងត្រូវប្រកួតមិត្តភាពក្នុងប្រភេទទម្ងន់៥៥ គីឡូក្រាមជាមួយម្ចាស់ផ្ទះ ហ្គុនសាឡូ តេបារ ដ្បិតនេះជាការប្រកួតមិត្តភាព ក៏ប៉ុន្តែរ៉ាដេតបានដាក់ក្តីរំពឹងប្រកួតឱ្យដូចដណ្ដើមខ្សែក្រវ៉ាត់ ដោយហេតុថា នេះគឺជាឱកាសល្អថ្មីមួយទៀតសម្រាប់រូបគេក្រោយពីមកពីប្រទេសជប៉ុន គេបានខិតខំហ្វឹកហាត់ទាំងយប់ថ្ងៃមិនដែលសម្រាកឡើយ។

 

សែន រ៉ាដេតក៏បានផ្ដាំផ្ញើរទៅកាន់អ្នកគាំទ្រកុំភ្លេចចូលរួមតាមដានទស្សនាផ្ទាល់ជាមួយការផ្សាយបន្តមកកាន់ស្ថានីយទូរទស្សន៍ថោនប្រទេសកម្ពុជានៅវេលាម៉ោង ៣ ភ្លឺ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសអេស្ប៉ាញ ។

 

គួរជម្រាបផងដែរថា កីឡាករដែលកំពុងតែត្រៀមខ្លួនក្នុងការធ្វើដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅប្រទេសអេស្ប៉ាញនាពេលខាងមុខនេះរួមមានដូចជា៖ អេ អាំ ម៉ារីនភូថង, ម៉ឺន មេឃា , សែន រ៉ាដេត  និងឃន សុម៉ាលី៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២