គេមកហើយ! ម្ចាស់ខ្សែក្រវ៉ាត់ WBC 3ខ្សែហោះមកពីអេស្ប៉ាញត្រៀមប៉ះជាមួយជើងខ្លាំងគុនខ្មែរមួយរូបនាថ្ងៃស្អែកនេះ!

ភ្នំពេញ៖ ការប្រកួតដ៏ព្រឺព្រួចអស្ចារ្យ ដែលមានតារាក្បាច់គុនមកពីប្រទេសអេស្ប៉ាញត្រៀមប៉ះជាមួយនឹងជើងខ្លាំងគុនខ្មែរមួយរូបនៅសង្ចៀន GANBERG KUN KHMER TOUR CONCERT នាថ្ងៃទី២០ កុម្ភៈ ស្អែកនេះ ដែលនឹងរៀបចំឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោនចាប់ពីម៉ោង ៨ យប់តទៅ ។

ជាលើកទីមួយដែលកីឡាករម៉ុន មើយ អ្នកប្រយុទ្ធជើងខ្លាំងនៅលើសង្វៀនគុនខ្មែរ ដែលកម្រនឹងឡើងសង្វៀនណាស់ គេក៏ជាកីឡាករជើងខ្លាំងជម្រើសជាតិមួយរូបដែរ។ក្រោយពីការបុកហ្វឹកហាត់អស់រយៈពេលជាច្រើនថ្ងៃខែមកនោះ រូបគេក៏ត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលស្វាគមន៍ភ្ញៀវកីឡាករ ហ្រ្វាន់ស៊ីស្កូ កាបាយេរ៉ូ វេរ៉ា កីឡាករសញ្ជាតិអេស្ប៉ាញ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ស្ថាប័នWBC រហូតដល់ទៅ 3 ខ្សែ ហើយនៅមានខ្សែក្រវ៉ាត់ស្ថាប័នធំៗជាច្រើនទៀត ដែលកីឡាកររូបនេះបានគ្រង។

 

ដូច្នេះនៅថ្ងៃស្អែកនេះកីឡាករ ម៉ុន មើយនឹងត្រូវធ្វើការប្រកួតលក្ខណៈគុនខ្មែរអន្តរជាតិ ការប្រកួតវាយ៣ទឹក ក្នុងប្រភេទទម្ងន់៥៥គីឡូក្រាម ។មិនតែប៉ុណ្ណោះសង្វៀនGANBERG KUN KHMER TOUR CONCERT ក៏មានផ្ដល់ជូននូវគូប្រកួតពិសេសៗជាច្រើនគូទៀត តាំងពីគូទី 1 រហូតដល់គូចុងក្រោយ ទាំងជាតិ និងអន្តរជាតិប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃ។

ការប្រកួតគូមិត្តភាពជាតិគុនខ្មែរគឺ អ្នកប្រយុទ្ធកណ្តាប់ដៃ វិបុល គុនខ្មែរ នឹងត្រូវជួបតតាំងជាមួយ រិទ្ធ មច្ឆា ។ ចំណែកឯ រដ្ឋា គុនខ្មែរ ប៉ះជាមួយកីឡាករជើងខ្លាំងកណ្ដាប់ដៃ គឿម សុវណ្ណង៉ា, រីកគី សេងថង អ្នកប្រយុទ្ធដៃឆ្នើមមកពីខ្លារខិននឹងត្រូវជួបតតាំងជាមួយម្ចាស់ខ្សែក្រវ៉ាត់បរទេសមួយរូបដែលមានឈ្មោះ បូសាដ សាឌី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

 

កាន់តែកក្រើកជាមួយកំពូលដំរីយោលដៃពិឃាតគុនខ្មែរពេជ្រ ប៊ុនសិទ្ធ ត្រូវជួបតតាំងជាមួយកីឡាករជើងខ្លាំងម៉ារ៉ុក ហ៊ីមឆាម បេលីចិន ។ គូឯកកីឡាករវង្ស វិឆ័យ ត្រូវជួបប្ដូរកែងជាមួយជើងខ្លាំងបរទេសមួយរូប កីឡាករ អាប់ឌូម៉ាលិក ហ្គាដ្សីយេវ ។

ការប្រកួតធានាថានឹងជក់ចិត្ត ព្រោះសុទ្ធតែអ្នកល្អដៃប៉ះគ្នានៅលើសង្វៀនថ្ងៃស្អែកនេះ។ កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះបន្ថែមពីលើការប្រកួតប្រដាល់គុនខ្មែរនេះ ក្រុមហ៊ុនGANZBERG  បានរួមសហការជាមួយស្ថានីយ៍ទូរទស្សន៍ថោននាំយកនូវការប្រគុំតន្ត្រីដ៏អស្ចារ្យផ្ដល់នូវភាពសប្បាយរីករាយ ដែលមានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោន  និងកំពូលតារារ៉េបកំពុងពេញនិយមជាច្រើនរូបទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ នៅទីតាំងដដែល កុំភ្លេចចូលរួមទស្សនាប្រដាល់គុនខ្មែរ និងរាំលេងសប្បាយៗទាំងអស់គ្នា៕

       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២