ក្រុមបាតុករថៃបញ្ជាក់ជាថ្មីនូវការទាមទារសំខាន់ៗទាំង៣របស់ខ្លួន មុនថ្ងៃធ្វើបាតុកម្មមកដល់

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឆាំងរដ្ឋាភិបាលថៃ បានបង្ហាញការទាមទារចាំបាច់ចំនួន ៣ សំខាន់ៗ របស់ខ្លួន មុនការប្រមូលផ្ដុំគ្នាដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយរយៈពេល៧យប់ ៧ថ្ងៃ ពីថ្ងៃទី១៤តុលានៅវិមានប្រជាធិបតេយ្យ ដោយនិយាយថាខ្លួនក៏បើកចំហចំពោះការចរចាជាមួយរដ្ឋាភិបាលផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន bangkokpost នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០។

ក្រុមបាតុករបានចេញមកបញ្ជាក់ជាថ្មីថា ខ្លួនទាមទារអោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង, ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ  និងកំណែទម្រង់នៃរបបរាជានិយម។

សកម្មជនប្រឆាំងលោក  Arnon Nampa បាននិយាយថាបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃពុធខាងមុខ នឹងត្រូវបានអូសបន្លាយពេល ប៉ុន្តែក្រុមខ្លួនក៏បានត្រៀមដើម្បីចរចាជាមួយរដ្ឋាភិបាលផងដែរ។ ឥឡូវនេះការទាមទាររបស់ពួកយើងបានប្រគល់ឲ្យរដ្ឋាភិបាល រួចហើយ,លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា គួរតែសម្រេចចិត្តថាត្រូវធ្វើអ្វីបន្ទាប់។ លោក Arnon Nampa បានជំរុញឱ្យសាធារណជនជួបជុំនៅវិមានប្រជាធិបតេយ្យនៅម៉ោង ២ រសៀលថ្ងៃទី ១៤ ខែតុលានិង  រំពឹងថាការជួបជុំនេះនឹងមានទំហំធំជាងចំនួនមនុស្សដែលបានចេញមកជួបជុំគ្នានៅថ្ងៃទី ១៩-២០ ខែកញ្ញាកន្លងទៅ នៅជិតសាន់ហាំលួង ព្រោះលោកគិតថាប្រជាជនជាច្រើនមកពីតាមបណ្តាខេត្តនានា នឹងធ្វើដំណើរទៅរដ្ឋធានីដើម្បីចូលរួម។ លោកបានមានប្រសាសន៍បន្ថែមថា“ ខ្ញុំស្នើសុំក្រុមនានា នឹងរំលឹកដល់ការបះបោរថ្ងៃទី ១៤ ខែតុលាឆ្នាំ ១៩៧៣ ដែលមានជំហររួមដើម្បីចូលរួមបាតុកម្ម, យើងនឹងតស៊ូរហូតដល់យើងឈ្នះ  យើងមកដល់ហើយយើងនឹងមិនចុះចាញ់ឡើយ ” ។

សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលថៃក៏បានចេញសារប្រមានដល់ក្រុមបាតុករឲ្យរក្សាសកម្មភាពការប្រមូលផ្តុំគ្នានេះឱ្យមានសន្តិភាព នឹងឋិតក្នុងដែនកំណត់របស់ច្បាប់​  ព្រមទាំងត្រៀមកងកម្លាំង​ប្រមាណ ៣,០០០នាក់ ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងអំឡុងពេលបាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២