ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្ទុះការវែកញែកគ្នាយ៉ាងផុសផុលទាក់ទងនឹងគុនខ្មែរ និងការដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញលិខិតហាមឃាត់កីឡាករលំដាប់ប្រទេសចំនួន២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងខណៈពេលកីឡាករទាំងពីររូបនោះកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។ប៉ុន្តែឥឡូវនេះ សម្តេចតេជោហ៊ុន សែនបានចេញសារសំណូមពរឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងរបស់ខ្លួននោះវិញសិន។

សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ក្រោយពីការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះវិញសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
សម្តេចតេជោបានបន្តទៀតថា៖«ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយគ្នាជាក្រោយ ដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា»៕

ដោយ៖ ឧត្តម

