ភ្នំពេញ៖ កាលពីយប់ម៉ិញនេះ ក្រោមចំនួនអ្នកទស្សនារាប់ម៉ឺននាក់ព្រះខ័នរាជស្វាយរៀងបានសាងប្រវត្តិសាស្ត្រជាថ្មីដោយបំបាក់ក្រុមខ្លាំងភ្នំពេញក្រោនក្នុងលទ្ធផល 4-1 ក្នុងជំនួបនៃការប្រកួតពានរង្វាន់ក្រុមបាល់ទាត់AFC Challenge League សម្រាប់ការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


ក្រុមទាំងពីរដែលដាក់កីឡាករបរទេសពេញជើងដូចគ្នាបានបើកការប្រយុទ្ធគ្នាគួរឲ្យចាប់អារម្មណ៍ និងរំភើបរីករាយសម្រាប់អ្នកគាំទ្រ។ គ្រាន់តែបើកឆាកមិនបានប៉ុន្មាននាទីផង ភ្នំពេញក្រោនបានបើកការនាំមុខ ១-០ ដោយកីឡាករ Moses Dyer នៅនាទីទី៣ ប៉ុន្តែព្រះខ័នរាជស្វាយរៀង បានតាមស្មើ ១-១ នៅនាទីទី២៩ ដោយកីឡាករ Kwame Peprah។
នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះដោយរកបាន ៣ គ្រាប់បន្ថែមទៀត ក្នុងនោះកីឡាករ Kwame Peprah ស៊ុតបាន ២គ្រាប់ទៀតគឺនៅនាទីទី៦៧ និងនាទីទី៨២ ហើយ១គ្រាប់ទៀតដោយកីឡាករ Patrick Robzon តាមរយៈការស៊ុតប៉េណាល់ទី។
ជ័យជម្នះនេះបានផ្តល់ឲ្យព្រះខ័នរាជស្វាយរៀង មានភាពកក់ក្តៅសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


គួរជម្រាបផងដែរថា ក្រោយពីបញ្ចប់ការប្រកួតសូម្បីតែគ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi ក៏បានសរសើរខ្សែប្រយុទ្ធសញ្ញាតិហ្គាណា Kwame Peprah ជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងរដូវកាលនេះ។
ការសរសើរនេះ បន្ទាប់ពីកីឡាករ Kwame Peprah បានស៊ុតចូល ភ្នំពេញក្រោន ចំនួន ៣ គ្រាប់ក្នុងការប្រកួត ដែលធ្វើឱ្យព្រះខ័នរាជស្វាយរៀងបានយកឈ្នះដោយលទ្ធផល៤-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖«Peprah Kwame របស់ព្រះខ័នរាជស្វាយរៀងបង្ហាញខ្លួនអស្ចារ្យមែនទែននៅរដូវកាលនេះ។ ដោយលោកបានសរសើរពីសមត្ថភាពរបស់គាត់ ជាពិសេសការបញ្ចប់ទីដ៏មានប្រសិទ្ធភាព»៕

ដោយ៖ វិកគី

