មិនដឹងយ៉ាងណា យ៉ាងណីទេ សេង ទ្រីគុនខ្មែរជួបជើងខ្លាំងជប៉ុននៅលើសង្វៀន Knock Out ស្អែកនេះ រងចាំទស្សនាទាំងអស់គ្នាបងប្អូន!

ភ្នំពេញ៖ នេះមិនមែនគ្រាន់តែជាការផ្សព្វផ្សាយគុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែការចេញទៅប្រកួតនៅប្រទេសជប៉ុនលើកនេះ ស្ថានីយទូរទស្សន៍ថោនបានរួមសហការជាមួយក្រុមហ៊ុន Ganzberg ចង់ផ្ដល់ឱកាសឲ្យកីឡាករចំណូលថ្មីបានទៅប្រជែងថ្វីដៃនៅក្រៅប្រទេសទៀត។

មិនតែប៉ុណ្ណោះ ស្ថានីយទូរទស្សន៍ថោន និងក្រុមហ៊ុនGanzberg ក៏បានទៅចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជា វិស័យទេសចរណ៍ តំបន់ដែលមានសក្តានុពលនៅក្នុងស្រុក ពិសេសគឺការភ្ជាប់ចំណងមិត្តភាពជាមួយនឹងបណ្ដាប្រទេសនានានៅជុំវិញពិភពលោកផងដែរ។

 

បន្ថែមពីការជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរកីឡាករផ្ទាល់ក៏បានធ្វើការតាំងចិត្តជាខ្លាំងក្នុងការឡើងទៅប្រជែងកណ្តាប់ដៃនៅប្រទេសជប៉ុនលើកនេះ។ ជាក់ស្ដែងតាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Town news កីឡាករអ្នកប្រយុទ្ធរបស់ក្លឹបគុនខ្មែរដូនតា សេងទ្រី គុនខ្មែរបានឲ្យដឹងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតនេះ មិនតែប៉ុណ្ណោះគេបានសិក្សាស្វែងយល់ពីដៃគូបានច្បាស់ ដ្បិតគេជាកីឡាករល្អ ក៏ប៉ុន្តែសេងទ្រីក៏មានផ្លែអាវុធល្អដែរដើម្បីទៅប្រកួតទល់នឹងកីឡាករជើងខ្លាំងរូបនោះ អាចនឹងមានផលលំបាកខ្លះសម្រាប់រូបគេ ប៉ុន្តែគេនឹងធ្វើឲ្យអស់ពីលទ្ធភាពនៅក្នុងថ្ងៃទី 14 មីនាស្អែកនេះ ដើម្បីយកជ័យជំនះមកជូនជាតិមាតុភូមិ។

ចំណែកឯលោកគ្រូឃឹម សុជាតិ ដែលជាគ្រូបង្វឹកផ្ទាល់របស់សេង ទ្រីគុនខ្មែរ ក៏មានជំនឿចិត្តខ្ពស់ទៅលើសិស្សរបស់លោក ដោយហេតុថា លោកបានឃើញពីការខិតខំប្រឹងប្រែងរបស់កីឡាកររូបនេះ ព្រមទាំងការគោរពវិន័យ និងមើលឃើញពីចក្ខុវិស័យវិញវែងឆ្ងាយ ហើយលោកក៏បានធ្វើការអរគុណទៅកាន់ស្ថានីយ៍ទូរទស្សន៍ថោន ក៏ដូចជាក្រុមហ៊ុន GANZBERG សម្រាប់ឱកាសដ៏ល្អមួយនេះ។

 

គួរជម្រាបផងដែរថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក ឥឡូវនេះ លោកគ្រូឃឹម សុជាតិ និងកីឡាករសេងទ្រី គុនខ្មែរ បានធ្វើដំណើរទៅដល់ព្រលានយន្តហោះប្រទេសជប៉ុនដោយសុវត្ថិភាពហើយ និងត្រៀមប្រកួតនៅថ្ងៃស្អែកនេះ នៅលើសង្វៀន Knock Out ដែលមានទីតាំងស្ថិតនៅ Korakuen Hall ដែលរូបគេនឹងត្រូវប៉ះជាមួយកីឡាករ Yuto Ueno ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២