ក្រោយមកពីជប៉ុនវិញ ផានិត គុនខ្មែរហាក់ឡើងជើងមិនធម្មតា ឈ្នះជាប់គ្នារហូត ហើយភាគច្រើនសុទ្ធផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតនៅលើសង្វៀន

ភ្នំពេញ៖ បាន credit មកពីប្រទេសជប៉ុន កីឡាករ ផានិត គុនខ្មែរមកពីក្លឹបគុនខ្មែរដូនតាមួយរូប បានបង្ហាញសមត្ថភាពល្អគួរឲ្យកត់សម្គាល់ ។ដោយកំណត់ត្រាការប្រកួតក្រោយៗរបស់គេ ធ្វើបានល្អច្រើនជាពិសេសបានផ្ដាច់ដៃគូអន្តរជាតិឲ្យបោះបង់ការប្រកួតជាច្រើនលើករួចមកហើយនៅលើសង្វៀន។

 

ខណៈដែលនៅថ្ងៃខាងមុខនេះ រូបគេទទួលបានឱកាសថ្មីទៀតហើយ លេងព្យុះភ្លៀងក្នុងកម្មវិធីធំរបស់ GANZBERG រៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន ចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទឹកដីខេត្តបាត់ដំបង ព្រឹត្តិការណ៍ GANZBERG WORLD KICKBOXING , GANZBER IPCC KUN KHMER CHAMPIONSHIP។

ដឹងច្បាស់ថា រូបគេត្រូវប៉ះដៃគូអន្តរជាតិ ក្នុងនាមជាអ្នកប្រយុទ្ធក្បាច់គុននៅលើសង្វៀន រូបគេមិនខ្វល់ថាដៃគូនោះជាអ្នកណាទេ ដឹងត្រឹមតែបច្ចុប្បន្ន រូបគេសម្រុកបុកហ្វឹកហាត់ជាខ្លាំង មិនដែលមានពេលសម្រាកឡើយ។

 

គួរជម្រាបផងដែរថា តាំងពីទទួលបានបទពិសោធន៍ថ្មីនៅលើទឹកដីប្រទេសជប៉ុននោះមក ផានិត ទទួលបានឱកាសប្រកួតញឹកញាប់ ហើយធ្វើបានយ៉ាងល្អ ដោយការប្រកួតរបស់គេចំនួន៩ប្រកួត ឈ្នះ៧,ចាញ់២ ដោយបានផ្ដាច់ដៃគូម៉ាឡេឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ រហូតដល់២លើក, ក្រោយមកទៀតប៉ះកីឡាករភូមា ក៏បានផ្ដួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី១ដូចគ្នា, តែបរាជ័យចាញ់ពិន្ទុកីឡាករនៅ វណ្ណី ,ហើយក៏បន្តផ្ដួលកីឡាករអូបេគីស្ថានឲ្យសន្លប់នៅទឹកទី១, ផ្ដួលកីឡាករអេស្ប៉ាញឲ្យសន្លប់ក្នុងទឹកទី២ ,ហើយពីរប្រកួតបន្តទៀតយកឈ្នះកីឡាករចិនដោយពិន្ទុទាំងពីរលើក និងលើកចុងក្រោយបំផុត ភ្លាត់ស្នៀតចាញ់កីឡាកររិទ្ធ វិបុល ដោយមានបញ្ហាជើង។

យ៉ាងណាមិញ មហាជនសង្កេតឃើញកីឡាកររូបនេះ ហាក់មានការអភិវឌ្ឍន៍សមត្ថភាពខ្លាំង ជាពិសេសការប្រកួតជាមួយនឹងកីឡាករបរទេស ខុសប្លែកពីការប្រកួតមុនៗ ដែលគេតែងតែបរាជ័យក្រោមថ្វីដៃរបស់កីឡាករបរទេស ។

 

ដូច្នេះសូមរង់ចាំមើលទាំងអស់គ្នាថាតើការប្រកួតបន្តនៅក្នុងឆ្នាំថ្មីនេះ រូបគេអាចតតាំងជាមួយកីឡាករជើងខ្លាំងបរទេសក្នុងព្រឹត្តិការណ៍ធំៗបានដែរឬយ៉ាងណា?រង់ចាំទស្សនាទាំងអស់គ្នាបងប្អូន។

ជួបគ្នានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦  នៅកីឡដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន, facebook Town Plus Media  និង Beer GANZBERG ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២