មកដឹងពីសាច់រឿង ដែលប្រជាពលរដ្ឋចោមរោមគប់ដុំថ្មលើរថយន្តស៊េរីទំនើបមួយគ្រឿងនៅខណ្ឌដូនពេញយប់ម៉ិញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឃាត់ម្ចាស់រថយន្តមួយគ្រឿង ដែលប្រជាពលរដ្ឋបានចោមរោមវាយរថយន្ត បង្កការភ្ញាក់ផ្អើលថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្យាយាមបើករត់គេច។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៧និង៣០នាទី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ) ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍នេះដែរ រថយន្តត្រូវបានរងការខូចខាត កញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងសាំង,កញ្ចក់ទ្វារក្រោយខាងឆ្វេង,កញ្ចក់មើលក្រោយខាងឆ្វេង,ស្តុបក្រោយមួយគូរ និងឆូតចំហៀងខាងឆ្វេង។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច ឈរគ្រប់គោលដៅ នៃពិធីបុណ្យជាតិប្រពៃណី ដើម្បីការពារ សន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ បានឃាត់រថយន្តមួយគ្រឿង ម៉ាក អាវតា ០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA ដែលមហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋ ស្រែកឆោឡោថា បង្កគ្រោះថ្នាក់ហើយមិនឈប់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ ពីហេតុការណ៍។

ក្រោយសួរនាំ ម្ចាស់រថយន្តបានប្រាប់នគរបាល ឲ្យបានដឹងពីដំណើររឿងថា នៅមុនពេលកើតហេតុ រូបខ្លួនជាមួយម្ដាយមីង និងបងប្អូនចំនួន០៥នាក់ ពេលធ្វើដំណើរចេញពីផ្ទះ មកដល់ផ្លូវលេខ៩០ កែងផ្លូវ ព្រះស៊ីសុវត្ថិ អាជ្ញាធរបានដាក់ប៉ារ៉ាស់ ហើយក៏បានបត់ស្ដាំតាមបណ្ដោយផ្លូវលេខ៩០ ក្នុងទិសដៅពីកើតទៅលិច បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ទះ ក៏មានម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកបុករថយន្តគាត់ពីក្រោយ ពេលនោះម្ចាស់រថយន្តចុះមកមើលរថយន្ត តែមិនឃើញម្ចាស់ម៉ូតូ ដោយម្ចាស់រថយន្តខឹងក៏លើកម៉ូតូនោះបោកផ្ដួលលើផ្លូវ ភ្លាមៗនោះម្ចាស់ម៉ូតូក៏មកដល់ ម្ចាស់រថយន្តបានវាយទៅលើម្ចាស់ម៉ូតូ តែមិនត្រូវ បានប្រជាពលរដ្ឋឃាត់បំបែក។ បន្ទាប់មកទៀតនោះម្ចាស់ រថយន្តមិនចង់វែងឆ្ងាយ បានបើករថយន្តចេញ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវស្រែកឆោឡោ យកដុំថ្មគប់មកលើរថយន្តបង្ករងការខូចខាត ចំណែកម្ចាស់ម៉ូតូគេចចេញពីកន្លែងហេតុបាត់ទៅ។

បច្ចុប្បន្នម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹង និងសូមឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវ រកជនបង្កដើម្បី យកមកអនុវត្តតាមនីតិវិធី និងសងសំណងនូវការខូចខាតរថយន្ត៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២