ក្រោយពីរងបរាជ័យភ្លាម សែន រ៉ាដេត ប្រកាសចង់ជួបសងសឹកភ្លែត!

ភ្នំពេញ៖ ពិតជាកម្រឃើញខ្លាំងណាស់ភាពបរាជ័យនៅលើសង្វៀនរបស់អ្នកលេងសាច់សល្អក្បាច់សែន រ៉ាដេត ។កាលពីម្សិលមិញនេះ នៅលើសង្វៀនCambodia Mas Fight របស់ស្ថានីយ៍ទូរទស្សន៍ថោន កីឡាករសែន រ៉ាដេត បានភ្លាត់ស្នៀតចាញ់កីឡាករបរទេស ដែលមកពីប្រទេសហ្វីលីពីន ចាម៉ា ហ្គាឡហ្សា ដោយការវាយចូលកណ្ដាប់ដៃចំពោះទឹកពេញទំហឹងធ្វើឲ្យរ៉ាដេតមិនអាចបន្តការប្រកួតទៀតបាន ត្រឹមចុងទឹកទី១ ពិតជារឿងមួយដ៏កម្រ។

បើមើលតាមការប្រកួតជាក់ស្ដែងកីឡាករទាំងពីរមានអាវុធល្អដូចគ្នាជាពិសេសការប្ដូរកណ្ដាប់ដៃ ជាហេតុធ្វើឲ្យអ្នកទាំងពីរវាយគ្នាប្ដូរក្នុងល្បឿនយ៉ាងលឿន នេះជាមូលហេតុដែលធ្វើឲ្យកីឡាករគុនខ្មែររបស់យើងភ្លាត់ស្នៀតចូលមួយកណ្ដាប់ដៃរបស់កីឡាករបរទេសដោយសារតែប្ដូរគ្នាវាយ។

តែទោះបីជាយ៉ាងណាក៏ដោយ កីឡាតែងតែមានឈ្នះ មានចាញ់ជារឿងធម្មតា ដោយហេតុថា ការប្រកួតនេះភ្លាត់ដោយមិនអស់ចិត្ត ទើបធ្វើឲ្យកីឡាករជើងខ្លាំងរូបនេះប្រកាសចង់ជួបសងសឹកកីឡាករហ្វីលីពីននេះជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គម។

គួរជម្រាបផងដែរថា កម្មវិធី Cambodia Mas Fight តែងតែមានការផ្សាយផ្ទាល់ចាប់ពីម៉ោង 3 រសៀលតទៅរៀងរាល់ថ្ងៃអាទិត្យ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ទស្សនិកជនអាចចូលរួមទស្សនាផ្ទាល់ដោយសេរី មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន, ផេក facebookTown Plus Media និង Cambodia Beer ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២