ភ្នំពេញ៖ ឆ្នាំថ្មីកម្លាំងថ្មី បច្ចេកទេសថ្មី អ្នកប្រយុទ្ធជើងខ្លាំងគុនខ្មែរដូនតារហ័សនាមគីងកុងពិឃាតសាន់ គុនខ្មែរឡើងសង្វៀនCambodia Mas Fight ម្សិលម៉ិញដេញវាយជើងខ្លាំងឡាវផ្អើលឡើងអ្នកគាំទ្រ។


ការប្រកួតដ៏ជក់ចិត្តរវាងកីឡាករទាំងពីរបញ្ចប់ទៅមិនបានពេញទឹកឡើយ ដោយជើងខ្លាំងគុនខ្មែរយើងសាន់គុនខ្មែរបានព្យាយាមស្ទាបស្ទង់សមត្ថភាពដៃគូខ្លួន កីឡាករភេតផាន់ តែមុននឹងសម្រុកដោយការប្តូរអាវុធ នៅទឹកទី១ហាក់ត្រដម ត្រសងគ្នា ដោយកីឡាករទាំងពីរមិនសូវបញ្ចេញស្នៀតល្អៗប៉ុន្មានទេ ។


គ្រាន់តែចូលមកដល់ទឹកទី២ភ្លាម កីឡាករសាន់ គុនខ្មែរបានលេងអាវុធធ្ងន់ៗទៅកាន់កីឡាករឡាវ ជាពិសេសការវាយកែងយ៉ាងស្រស់ស្អាត ជាច្រើនដង និងការវាយកណ្តាប់ដៃដែលជាអាវុធល្អៗរបស់ខ្លួន ធ្លាប់ផ្តាច់ដៃគូនៅលើសមរភូមិប្រយុទ្ធជាច្រើន នាពេលកន្លងមក។


អ្នកប្រយុទ្ធគីងកុងពិឃាតបានយកឈ្នះកីឡាករឡាវ ដោយការវាយឱ្យដួលរាប់ រហូតដល់ទៅ៣ដង រហូតដល់អាជ្ញាកណ្តាលរាប់មិនអាចបន្តការប្រកួតបន្តទៀតបាន ក៏សម្រេចបញ្ចប់ការប្រកួតតែម្តង នៅក្នុងទឹកទី២ ដោយក្បាច់ម៉ាត់កណ្តាប់ដៃ បត់កែង យ៉ាងល្អ ផ្តាច់ដៃគូចុងទឹក ៕

ដោយ៖ វិកគី

