ភ្នំពេញ៖ ចិត្តជាកូនប្រុសពិតជាហ៊ានមែន ឱកាសធំមិនមានច្រើននោះទេ រីគី សេងថងថា មិនឱ្យរំលងខ្សែក្រវ៉ាត់នេះបានឡើយ ដៃគូខ្លាំងយ៉ាងណាក៏ដោយ ក៏មិនឲ្យចប់ពេញលេញដែរ។នេះគឺជាមហិច្ឆតារបស់កូនប្រុសអ្នកប្រយុទ្ធមកពីក្លឹបខ្លារខិន ក្រោយពីទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយអ្នកប្រយុទ្ធជើងខ្លាំងរុស្ស៊ី លីយ៉ាសេនកូ វីឡាឌីស្លាវ កីឡាករម្នាក់នេះហើយ ដែលធ្លាប់ធ្វើឱ្យកីឡាករគុនខ្មែរយើងបែកហូរលោហិត និងបន្សល់ទុកស្លាកស្នាមជាច្រើនថ្នេរ។លើកនេះគេត្រលប់មកវិញដើម្បីប្រកួតបែបអំបោះឆៅដណ្តើមខ្សែក្រវាត់ IPCC ។

តើកីឡាករគុនខ្មែររូបនេះអាចតតាំងជាមួយកីឡាករជើងខ្លាំងរុស្សីម្នាក់នេះបានដែរឬយ៉ាងណា? ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី24 ខែមេសា ឆ្នាំ2026 ទីតាំងរៀបចំសង្វៀន នៅក្នុងដីឡូតិ៍មួយកន្លែង ខាងក្រោយផ្សារស្ទឹងត្រង់ ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដឹងច្បាស់ហើយថា កីឡាកររុស្សីរូបនេះមិនមែនជាកីឡាករបរទេសធម្មតាៗនោះទេ ដោយរូបគេធ្លាប់បានវាយអ្នកប្រយុទ្ធគុនខ្មែរឲ្យបែកលោហិតដេរជាច្រើនថ្នេររួចមកហើយ តែកីឡាករសេងថង គុនខ្មែរយើងវិញ នៅតែរក្សាជំហរជឿជាក់ថា នឹងសងសឹកជំនួស កីឡាករគុនខ្មែរដទៃទៀត ដែលធ្លាប់បែកលោហិតក្រោមថ្វីដៃរបស់កីឡាករជើងខ្លាំងបរទេសរូបនេះ ។

ក្នុងការប្រកួតជំនួបដណ្ដើមខ្សែក្រវ៉ាត់នេះ សេង ថងថា មិនឲ្យដៃគូតដៃបានឡើយ ហើយគេបានបន្ថែមថា សូមលោកគ្រូសួង បញ្ញា រៀបអំបោះឆៅលេខមួយមក កីឡាករនោះធ្លាប់វាយបងសោម វិច្ឆ័យ យ៉ាងម៉េច គេនឹងសងវិញទាំងដើមទាំងការ ។
សូមជម្រាបផងដែរថា កីឡាកររីគី សេងថង គឺជាកីឡាករជើងខ្លាំងមួយរូបរបស់ក្លឹបខ្លារខិនដែលមានជំនាញប្រយុទ្ធផ្នែកអំបោះឆៅយ៉ាងយ៉ាងល្អឥតខ្ចោះ ដោយការប្រកួត ៦ប្រកួតចុងក្រោយ វាយអំបោះឆៅ រូបគេបានយកឈ្នះទាំង៦ប្រកួត។ ដូច្នេះនេះគឺជាការប្រកួតដ៏អស្ចារ្យមួយទៀត ដែលរូបគេនឹងត្រៀមខ្លួន ប្រកួតប្រជែងជាថ្មីហើយថែមទាំងដាក់ខ្សែក្រវ៉ាត់ទៀត ៕

ដោយ៖ វិកគី

