ភ្នំពេញ៖ កីឡាការិនីទ្រីយ៉ាត្លុង Margot Garabedian Morokot ប្រកួតលើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) ទទួលបានមេដាយប្រាក់ ដោយប្រើថេរវេលា ៣២.០០ នាទី ក្នុងចំណោមកីឡាការិនី២៧ រូប មកពី១៥ ប្រទេសក្នុងព្រឹត្តិការណ៏កីឡាលើឆ្នេរខ្សាច់អាស៊ី។

ក្នុងចំណោម៤ប្រភេទកីឡាដែលកម្ពុជាបានបញ្ជូនឱ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី៦(6th Asian Beach Games)នៅទីក្រុង Sanya ប្រទេសចិន កម្ពុជាដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាឯកត្តជននារីកីឡាអាគ័រត្លុងWomen Individual Aquathlon(រត់និងហែល) កាលពីថ្ងៃទី២៣ ខែមេសា ។
សូមជម្រាបផងដែរថា កីឡាការិនី Margot Morokot ដែលជាកូនកាត់ខ្មែរ-បារាំង ជាអ្នកដណ្ដើមបានមេដាយខាងលើឱ្យកម្ពុជា ក្នុងចំណោមកីឡាការិនី២៧រូបមកពី១៥ប្រទេស។ ការឈ្នះមេដាយ១គ្រឿងពេលនេះជារឿងគួរឱ្យអបអរខ្លាំងណាស់ ដោយសារវាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសសមាជិកអាស៊ានមុនគេដែលឈ្នះមេដាយកីឡាឆ្នេរខ្សាច់ប្រចាំទ្វីបអាស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី៦ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងSanya ប្រទេសចិន ប្រភេទកីឡាជឺជិតស៊ូបានឡើងទៅដល់វគ្គ១៦ក្រុមហើយ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាប្រធានប្រតិភូដឹកនាំអត្តពលិកជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួត។

ក្នុងព្រឹត្តិការណ៍កីឡាខាងលើ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី៤ប្រភេទកីឡាដែលមានចំនួន៣២រូបឱ្យទៅចូលរួមប្រកួតមានជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់ ។ ប្រទេសចិនដែលជាម្ចាស់ផ្ទះបានដាក់១៤ប្រភេទកីឡាឱ្យកីឡាករ-កីឡាការិនីចំនួន៣៧៩៨នាក់មកពី៤៥ប្រទេសប្រកួតប្រជែងដណ្ដើមមេដាយចាប់ពីថ្ងៃទី២២ដល់៣០ មេសា ឆ្នាំ២០២៦៕

ដោយ៖ វិកគី

