ភ្នំពេញ៖ ការប្រកួតក្នុងលីគកំពូលកម្ពុជា កំពុងឈានដល់វគ្គសម្រេចចុងក្រោយយ៉ាងតានតឹង រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ដែលកំពុងប្រដេញគ្នាដណ្ដើមតំណែងលេខ២ ជាមួយនឹងការប្រកួតនៅសល់ត្រឹមតែ ៣ ប្រកួតទៀតប៉ុណ្ណោះ នេះជាពេលវេលាដែលក្រុមទាំងពីរមិនអាចធ្វេសប្រហែសបានឡើយ។


បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងកាន់កាប់លេខ២ មាន 50 ពិន្ទុ ខណៈដែល អង្គរថាយហ្គឺរ តាមពីក្រោយជិតៗ មាន 47 ពិន្ទុ ចន្លោះត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ បានធ្វើឲ្យការប្រកួតប្រជែងនេះក្លាយជាការប្រកួតដែលអាចផ្លាស់់ប្ដូរលទ្ធផលបានគ្រប់ពេល។
លទ្ធផលថ្មីៗបានបង្ហាញពីភាពផ្លាស់ប្តូរដ៏គួរឲ្យចាប់អារម្មណ៍ ភ្នំពេញក្រោន ទើបតែបរាជ័យ 1-0 ក្រោមស្នាដៃ អឹមអូអាយ កំពង់ដេវ៉ា ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសបង្កើនពិន្ទុ ផ្ទុយទៅវិញ អង្គរថាយហ្គឺរ បន្តការឡើងទម្រង់យ៉ាងល្អ ដោយទទួលបានជ័យជម្នះ 2-0 លើ បឹងកេត នៅក្នុងដីខ្លួនឯង ។


ជាមួយនឹងលទ្ធផលនេះ អង្គរថាយហ្គឺរ កំពុងមានទំនុកចិត្តខ្ពស់ និងកម្លាំងចិត្ត ដ៏ខ្លាំងក្លា ខណៈភ្នំពេញក្រោន ត្រូវតែត្រលប់មករកទម្រង់ល្អវិញឲ្យបានឆាប់បំផុត ប្រសិនបើមិនចង់បាត់បង់ទីតាំងលេខ២។
៣ ប្រកួតចុងក្រោយ នឹងក្លាយជាការប្រកួតដែលសម្រេចជោគវាសនារបស់ក្រុមទាំងពីរ។ ភ្នំពេញក្រោន ត្រូវការជ័យជម្នះដើម្បីរក្សាចំណាត់ថ្នាក់លេខ២ ខណៈដែល អង្គរថាយហ្គឺរ ត្រូវតែបន្តឈ្នះ និងរង់ចាំឱកាសពីការបាត់ពិន្ទុរបស់គូប្រជែង។ ខាងក្រោមនេះជា ៣ប្រកួតចុងក្រោយរបស់ក្រុមទាំង២៖
+ អង្គរថាយហ្គឺរ
០៣ ឧសភា ២០២៦ ជួបជាមួយ ព្រះខ័នរាជស្វាយរៀង
១០ ឧសភា ២០២៦ ជួបជាមួយ អឹមអូអាយ កំពង់ដេវ៉ា
១៧ ឧសភា ២០២៦ ជួបជាមួយ ណាហ្គាវើលដ៏
+ ភ្នំពេញក្រោន
០៣ ឧសភា ២០២៦ ជួបជាមួយ បឹងកេត
១០ ឧសភា ២០២៦ ជួបជាមួយ ណាហ្គាវើលដ៏
១៧ ឧសភា ២០២៦ ជួបជាមួយ ព្រះខ័នរាជស្វាយរៀង
គួរឱ្យដឹងផងដែរថា ការប្រជែងលេខ២រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ មិនមែនត្រឹមតែជាការប្រកួតសម្រាប់តារាងចំណាត់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធដល់ឱកាសចូលរួមការប្រកួតអន្តរជាតិផងដែរ៕

ដោយ៖ វិកគី

