ភ្នំពេញ៖ អ្នកគាំទ្រតែងតែអន្ទះសារចង់ដឹងថា ក្រុមណានឹងទទួលបានលេខ២នៅក្នុងការប្រកួតបាល់ទាត់លីគកំពូលរដូវកាលនេះ ខណៈដែលមានក្រុមខ្លំាងៗកំពុងប្រជែងគ្នាមិនសំចៃកម្លាំង ការប្រកួតកាន់តែតានតឹងនៅក្នុងសប្តាហ៍នេះ។


ការប្រកួតសប្ដាហ៍ទី៣២ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នឹងក្លាយជាវគ្គសម្រេចដ៏ក្តៅគគុក សម្រាប់ការដណ្ដើមចំណាត់ថ្នាក់លេខ២ រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ខណៈក្រុមទាំងពីរ កំពុងមាន 53 ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ 29 ប្រកួតដូចគ្នា។
បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅលេខ២ ខណៈ អង្គរថាយហ្គឺរ ឈរលេខ៣ ដោយសារ ភ្នំពេញក្រោន ឈ្នះ Head-to-Head លើអង្គរថាយហ្គឺរ ដែលធ្វើឱ្យភ្នំពេញក្រោនស្ថិតនៅខាងលើបណ្ណោះអាសន្ន។ ទោះបីជាយ៉ាងណា អង្គរថាយហ្គឺរ កំពុងបង្ហាញទម្រង់ប្រយុទ្ធបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់ដល់ 67 គ្រាប់ ច្រើនជាង ភ្នំពេញក្រោន ដែលរកបាន 51 គ្រាប់។


នៅព្រឹត្តិការណ៍ប្រកួតចុងក្រោយរដូវកាលនេះ ភ្នំពេញក្រោន ត្រូវប៉ះក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង ខណៈ អង្គរថាយហ្គឺរ ត្រូវជួប ណាហ្គាវើលដ៍។ លទ្ធផលនៃការប្រកួតទាំងពីរ នឹងសម្រេចថា ក្រុមណា នឹងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២។
សម្រាប់ ភ្នំពេញក្រោន ពួកគេត្រូវការជ័យជម្នះ ដើម្បីធានាកៅអីលេខ២ ដោយមិនចាំបាច់គិតពីលទ្ធផលគូផ្សេងឡើយ។ ចំណែក អង្គរថាយហ្គឺរ ក៏នៅមានឱកាសពេញលេញ ប្រសិនបើពួកគេទទួលបាន ៣ ពិន្ទុ ហើយ ភ្នំពេញក្រោន ភ្លាត់ស្នៀតក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង។
ជាមួយសម្ពាធ ការប្រកួតធំ និងការគាំទ្រពីអ្នកគាំទ្រ សប្ដាហ៍ចុងក្រោយនេះនឹងក្លាយជាការប្រកួតដ៏រំភើបបំផុតមួយ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នាថាតើក្រុមណានឹងទទួលបានចំណាត់ថ្នាក់លេខ២?៕

ដោយ៖ វិកគី

