កិច្ចសំពះផ្ទឹមចងដៃនៅក្នុងពិធីភ្ជាប់ពាក្យ និងយកឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលមកប្រើក្នុងពិធីមង្គលការមិនមែនជាទំនៀមទម្លាប់ខ្មែរពីបុរាណមកនោះទេ

បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃពិធីមង្គលការ ហើយបានធ្វើឱ្យមានមតិរិះគន់ឡើងកក្រើកពេញបណ្តាញសង្គមនោះ ឥឡូវនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនាបានចេញមកបញ្ជាក់ថា “ពិធីភ្ជាប់ពាក្យ”ខ្លះមានបញ្ចូល“កិច្ចសំពះផ្ទឹម ចងដៃ ខ្លះយកឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលមកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការនោះគឺវាធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណមកនោះទេ។

បើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។ នាពេលកន្លងមក ប្រជាជន យើងមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ”កូនចៅ ដោយ បញ្ចូល“កិច្ចសំពះផ្ទឹម ចងដៃ”នៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការផងដែរ។

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា ការរៀបចំពិធីបែបនេះ បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណយើងទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ។ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២