រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពជាបានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយបានដាក់ជាគោលនយោបាយអាទិភាព។ (TVET) នឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យមានសមត្ថភាពជំនាញពិតប្រាកដ ក្លាយជាធនធានមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារឧស្សាហកម្ម ចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមជម្រាបផងដែរថា ក្នុងឱកាសនៃការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ TVET DAY នេះគឺមានការរៀបចំ ការតាំងបង្ហាញឧបករណ៍ សម្ភារបច្ចេកទេសទំនើបៗ រយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ – ១៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់។

សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមានការតាំងបង្ហាញសមិទ្ធផលជាច្រើនទៀត ​ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១០៨អង្គភាព ស្មើនឹង ២៦១ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ពីវាគ្មិនល្បីៗ។

 

ទន្ទឹមនឹងនេះ ក៏មានការតាំងបង្ហាញរបស់គ្រឹះស្ថានធីវេតល្បីៗ មកពីប្រទេសចិន ចំនួន ១០គ្រឹះស្ថាន មកពីខេត្ត ក្រុងធំៗ ចំនួន៦ គឺទីក្រុងប៉េកាំង, ខេត្តក្វាងស៊ី, ខេត្តចេជាំង, ខេត្តក្វាងទុង, ខេត្តសានទុង និងខេត្តហ៊ូប៉ី ដែលសុទ្ធតែជាដៃគូសហការសំខាន់ៗ របស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យធីវេតផងដែរ៕

              

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២