កុមារានៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាបនឹងមានឱកាសប្រជែងសមត្ថភាពគ្នាដើម្បីដណ្តើមពានរង្វាន់បាល់ទាត់កុមាររដូវកាលទី១

ភ្នំពេញ៖ កុមារតូចអាយុក្រោម ១២ឆ្នាំ និង ១៤ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាបនឹងទទួលបានឱកាសបញ្ចេញសមត្ថភាពកីឡាបាល់ទាត់ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់កុមារ (Daiichi Junior Cup) រដូវកាលទី១។ ការប្រកួតបានចាប់ផ្តើមនៅចុង ខែឧសភាកន្លងមកនេះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡាបាល់ទាត់កុមារ កាលពីថ្ងៃទី១ ខែឧសភា កន្លងទៅ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំបានចាត់ទុកការផ្តួចផ្តើមរៀបចំការប្រកួតកីឡាបាល់ទាត់កុមារនេះថា ជាការរួមចំណែកលើកកម្ពស់ផ្នែកសុខភាពរបស់កុមារ ជាពិសេសការបញ្ជ្រាបចំណេះកីឡាទៅកាន់កុមារតូចៗ។ ការលេងកីឡា ក៏នឹងជួយកុមារ ឱ្យចៀសឆ្ងាយពីការប្រើប្រាស់ប្រើប្រាស់ទូរស័ព្ទដៃបានច្រើនផងដែរ។

ការប្រកួតពានរង្វាន់បាល់ទាត់កុមារ (Daiichi Junior Cup) រដូវកាលទី១ នេះ នឹងរៀបចំនៅរាជធានីភ្នំពេញ បាត់ដំបង និងនៅខេត្តសៀមរាប ដោយបែងចែកការប្រកួតជម្រុះទៅតាមមណ្ឌលនីមួយៗ។ ការប្រកួតតាមមណ្ឌលនីមួយៗនឹងមានក្រុមកុមារអាយុក្រោម១៤ឆ្នាំ និង១២ឆ្នាំ ទាំង២កម្រិតមានចំនួន ១៦ក្រុមដូចៗគ្នា ហើយក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ នឹងត្រូវនាំមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ការប្រកួតវគ្គជម្រុះតាមមណ្ឌល នឹងរៀបចំឡើង ៤ដំណាក់កាល ដោយចាប់ផ្តើមការប្រកួតដំបូងនៅមណ្ឌលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់មករៀបចំនៅខេត្តបាត់ដំបង ថ្ងៃទី២១ ខែមិថុនា។ ការរៀបចំនៅមណ្ឌលទី៣ ខេត្តសៀមរាប ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា មុនត្រឡប់មកប្រកួតនៅភ្នំពេញ ទាំងវគ្គជម្រុះ ព្រមទាំងវគ្គផ្តាច់ព្រ័ត្រ សម្រាប់ក្រុម ចំណាត់ថ្នាក់កំពូលទាំង៤ មកពីរាជធានី-ខេត្ត ដើម្បីប្រជែងពានរង្វាន់បាល់ទាត់កុមារ នៅថ្ងៃទី១-២ ខែសីហាខាងមុខនេះ៕

 

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២