ភ្នំពេញ៖ យុវជនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួន និងបញ្ជូនទៅសាកសួរ បន្ទាប់ពីក្រុមយុវជនទាំងនេះផឹកស៊ីស្រវឹង រួចកើតមានជម្លោះពាក្យសម្តី ឈានដល់ការវាយ តប់គ្នាទៅវិញទៅមក បង្កភាពចលាចល និងការភ្ញាក់ ផ្អើលនៅមុខក្លឹបកម្សាន្ត X ZOOM។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមយុវជនខាងលើបាននាំគ្នាផឹកស៊ីកម្សាន្ត ប៉ុន្តែក្រោយមកក៏កើតមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញ ទៅមកនៅទីសាធារណៈ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដើម្បីបញ្ឈប់សកម្មភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្នុងអំឡុងពេលសមត្ថកិច្ចកំពុងអន្តរាគមន៍ ស្រាប់តែយុវជនម្នាក់ក្នុងចំណោមនោះ បានយកពូថៅគប់សំដៅទៅលើសមត្ថកិច្ច បង្កឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយមក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនទាំង៥នាក់ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសាកសួរ ប្រមូលភស្តុតាង និងចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីនេះជាសាររំលឹកដល់យុវជនមួយចំនួនឱ្យចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ដែលអាចនាំឱ្យបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង បង្កជាជម្លោះ អំពើហិង្សា ប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ ជាពិសេសការប្រព្រឹត្តសកម្មភាពប្រឆាំង ឬបង្កគ្រោះថ្នាក់ដល់សមត្ថកិច្ចកំពុងបំពេញភារកិច្ច ដែលជាបទល្មើសធ្ងន់ធ្ងរត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ដោយ៖ វិសាល

