​ឱសថ​ និង​ផលិតផល​ក្លែងក្លាយ​ជាង​៥០០​តោន ត្រៀមនឹងកម្ទេច​ចោល ​នៅ​ថ្ងៃ​៥វិច្ឆិកា​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្អែកនេះ​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ ​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​.) នៃ​ក្រសួងមហាផ្ទៃ នឹងត្រៀម ដុត​កម្ទេច​ចោល ​នូវ​ឱសថ និង​ផលិត ផល​ក្លែងក្លាយ​ជាង​៥០០តោន។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង ​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​.) បាន​ឲ្យ​ដឹងថា ​ឯកឧត្តម​ កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន​៧.៧​តោន ​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​៥៣៣​តោន ដោយ​សរុប​ទាំងអស់​គឺ​ចំនួន​៥៤០.៧​តោន ដែល​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក​នោះ​។

សូមបញ្ជាក់ថា ឱសថ និង​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ ត្រូវ​បាន​កងកម្លាំង​ចម្រុះ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ ​សុខភាព និង​សុវត្ថិភាព​សង្គម​ ​បង្ក្រាបបាន​ជា​ប​ន្ត​បន្ទាប់​ នាពេលកន្លងមក នៅ​តាម​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា ខណៈ​ឱសថ ​និង​ផលិតផល​ក្លែងក្លាយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និង​បរិភោគ​នោះ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២