ក្រុមប្រទេសចំនួន 17 កាលពីថ្ងៃចន្ទម្សិលម៉ិញនេះ បានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់គ្នាដែលបានប្រកាសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយពណ៌នាថា វាជាឱកាសមួយដើម្បីស្តារស្ថិរភាពក្នុងតំបន់ និងគាំទ្រដល់សេដ្ឋកិច្ចពិភពលោក។ សេចក្តីថ្លែងការណ៍រួមរបស់ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានលើកឡើងថា “នេះគឺជាឱកាសមួយដើម្បីស្តារស្ថិរភាពក្នុងតំបន់ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក” ។ សេចក្តីថ្លែងការណ៍ក្រោយមកត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន 13 ផ្សេងទៀត។ ពួកគេបានអបអរសាទរសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួល រួមទាំងប៉ាគីស្ថាន និងកាតា ចំពោះអ្វីដែលពួកគេហៅថា របកគំហើញការទូត។


មេដឹកនាំទាំងនោះបានសង្កត់ធ្ងន់ថា ការចរចាលម្អិតគួរតែត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្ត “យ៉ាងឆាប់រហ័ស និងទូលំទូលាយ” ដោយបន្ថែមថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើរការនេះ។ ពួកគេក៏បានអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងការស្ដារឡើងវិញនូវ “សេរីភាពនៃការធ្វើនាវាចរណ៍ដោយគ្មានលក្ខខណ្ឌ និងគ្មានការរឹតត្បិត”។ ប្រទេសហត្ថលេខីផ្សេងទៀតនៃសេចក្តីថ្លែងការណ៍គឺប្រទេសជប៉ុន កាណាដា អូស្ត្រាលី បែលហ្ស៊ិក ប៊ុលហ្គារី រដ្ឋបាលស៊ីបក្រិក សាធារណរដ្ឋដូមីនិក អេស្តូនី ហ្វាំងឡង់ ក្រិក ឡាតវី ប៉ូឡូញ និងព័រទុយហ្គាល់។
មេដឹកនាំទាំងនោះបាននិយាយថា ពួកគេបានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនោះ រួមទាំងតាមរយៈ “បេសកកម្មការពារយ៉ាងតឹងរឹង និងឯករាជ្យ” ក្នុងគោលបំណងធានាឡើងវិញនូវការដឹកជញ្ជូនពាណិជ្ជកម្ម និងប្រតិបត្តិការបោសសម្អាតមីន ស្របតាមតម្រូវការនៃរដ្ឋធម្មនុញ្ញរៀងៗខ្លួន។


សេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញថា អ៊ីរ៉ង់ “មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរទេ” ហើយបានសម្តែងការត្រៀមខ្លួនដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឆ្ពោះទៅរកគោលដៅនោះ។ពួកគេបានត្រៀមខ្លួនដើម្បីដកទណ្ឌកម្មពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹង “ជំហានច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន” ដោយអ៊ីរ៉ង់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ពួកគេបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងដៃគូក្នុងតំបន់ ដើម្បីរក្សាសន្ទុះ និងសម្រេចបាននូវដំណោះស្រាយការទូតរយៈពេលវែង។ពួកគេបានអះអាងជាថ្មីនូវការគាំទ្រចំពោះស្ថិរភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់ ហើយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃបទឈប់បាញ់ដ៏រឹងមាំមួយ។
ភាពតានតឹងក្នុងតំបន់បានកើនឡើងតាំងពីចុងខែកុម្ភៈ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សជាង ៣ ពាន់នាក់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារទៅលើប្រទេសឈូងសមុទ្រ និងអ៊ីស្រាអែល ក៏ដូចជាការរឹតបន្តឹងលើការឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានឈានដល់បទឈប់បាញ់បណ្តោះអាសន្នមួយនៅថ្ងៃទី 8 ខែមេសា តាមរយៈការសម្របសម្រួលពីប៉ាគីស្ថាន មុនពេលប្រកាសកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីបញ្ចប់ជម្លោះ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខាជាផ្លូវការក្នុងប្រទេសស្វីសនៅថ្ងៃទី ១៩ ខែកក្កដាខាងមុខនេះ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

