ដឹងតែប្រកួតស៊ីសាច់ហុតឈាមគ្នាហើយ! សូត្រ សុឃីម ត្រូវការឈ្នះដាច់ខាតដើម្បីបានគ្រងខ្សែក្រវ៉ាត់ IPCC World Kun Khmer Championship នាថ្ងៃស្អែកនេះ

ភ្នំពេញ៖ ឱកាសមាសមកដល់ហើយ មិនឱ្យចាំយូរនោះទេ អ្នកលេងវ័យក្មេងត្រកូលសូត្រ សុឃីម នឹងត្រូវប៉ះជាមួយជើងខ្លាំងបរទេស កីឡាករ TURDIEV SHERBEK ក្នុងការប្រកួតប្រភេទទម្ងន់៦១គីឡូក្រាមលក្ខណៈគុនខ្មែរ។

ការប្រកួតត្រូវការឈ្នះដាច់ខាតដើម្បីបានខ្សែក្រវ៉ាត់ ប៉ុន្តែវាមិនមែនជារឿងងាយឡើយ សម្រាប់កីឡាករគុនខ្មែររបស់យើង។ដោយសារតែកីឡាករ អូបេគីស្ថានរូបនេះ ក៏ជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវ៉ាត់មួយរូប ហើយមានអាយុ និងបទពិសោធន៍ច្រើនជាងសុឃីមគួរសម។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាម្ចាស់ផ្ទះនឹងត្រៀមទទួលស្វាគមន៍ភ្ញៀវឲ្យបានល្អ ជាពិសេសអាវុធគ្រប់ស្នៀតគេក៏បានត្រៀមមករួចរាល់អស់ហើយ ដើម្បីសម្លៀងរង់ចាំថ្ងៃប្រកួតមកដល់។

មិនត្រឹមតែការប្រកួតគូជក់ចិត្តដណ្ដើមខ្សែក្រវ៉ាត់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានគូពិសេសៗជាច្រើនគូទៀតរួមមាន៖ កីឡាករ រីគី រតនៈសុធី ត្រៀមប្រកួតជាមួយកីឡាករចិន យូ យេ , ចម្រើន គុនខ្មែរ នឹងត្រូវប៉ះកីឡាករទួគី REDJEM MOHAMED, គឹម វាសនា នឹងត្រូវជួបកីឡាករជើងខ្លាំងអន្តរជាតិ ប៉ាវែល , ចំណែកឯផានិត គុនខ្មែរនឹងជួបតតាំងជាមួយកីឡាករអេស្ប៉ាញ MIGUEL SEVILLA ,កីឡាករយេន ឌីណា ប៉ះកីឡាករចិន GONG YIHANG ,កីឡាករព្រំ សំណាង ត្រឡប់មកវិញត្រូវជួបជាមួយជើងខ្លាំងអូបេគីស្ថានដូចគ្នា XOLMIR ZAYEV។

បល្ល័ង្កអ្នកខ្លាំងគុនខ្មែរមានតែមួយ! ឈាមជ័រអ្នកប្រយុទ្ធ ស្នូរស្គរនឹងបន្លឺឡើង ម្ចាស់ក្បាច់គុនខ្មែរនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំគឺ Boostrong King of the ring Kun khmer។

កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង៨យប់តទៅ  ទីតាំងរៀបចំសង្វៀន នៅបរិវេណមុខវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។សូមកុំភ្លេចទស្សនាជាមួយការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Town Full HDTV, Page ផ្លូវការ BOOSTRONG និងផេក BOOSTRONG LIVE៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២