ភ្នំពេញ៖ ការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរ នៅលើសង្វៀន WURKZ សេនាគុនខ្មែរ យ័ន្ត 8ទិស នៅស្ថានីយទូរទស្សន៍ថោន នាថ្ងៃទី27 ខែមិថុនា ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅនោះគឺជាការជួបគ្នារវាងកីឡាករជើងខ្លាំងគុនខ្មែរសៅយ៉ាន់ វិសាលនឹងត្រូវធ្វើការធ្ងន់ទៀតហើយ ដោយត្រៀមប៉ះជើងខ្លាំងចិន MA ZHENZHAO កីឡាកររូបនេះខ្លាំងមិនធម្មតានោះទេ។ ចាំមើលៗកីឡាករគុនខ្មែររបស់យើងអាចទប់ជាប់ជាមួយកីឡាករបរទេសរូបនេះបានដែរឬយ៉ាង?ប៉ុន្តែកីឡាករគុនខ្មែររបស់យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។

ដ្បិតការប្រកួតនេះ មានរយៈពេលត្រឹម៣ទឹកលក្ខណៈគុនខ្មែរក៏ពិតមែន ប៉ុន្តែហាក់មានការពិបាកសម្រាប់ វិសាល ដោយហេតុថា កីឡាករចិន ម៉ា ហ៊្សេនហ៊្សូវ ធ្លាប់បានប្រកួតជាមួយជើងខ្លាំងគុនខ្មែរជាច្រើនរួចមកហើយ ហើយគេធ្វើបានល្អទៀត។ វិសាល មានសមត្ថភាពល្អ ប៉ុន្តែទឹកចិត្តក៏នៅខ្ចី ដូច្នេះលទ្ធផលប្រកួតពិតជាពិបាកសម្រាប់រូបគេ ពេលប៉ះជាមួយកីឡាករជើងខ្លាំងចិនរូបនេះ។
បន្ថែមពីលើគូនេះ ក៏មានវត្តមានកីឡាករ រិទ្ធ វិបុល ប៉ះជាមួយកីឡាករ មីយ៉ាន់ម៉ា ជីត យ៉េ ទ្វៃ ,ហើយកីឡាករវង្ស វិច្ឆ័យឯណេះវិញ ត្រូវប៉ះជាមួយកីឡាករ អ៊ីរ៉ង់ សាហ៊ូ ជេសារ៉េន។
ក្រៅពីប្រកួតគូអន្តរជាតិទាំងនេះ ក៏មានការប្រកួតលក្ខណៈម៉ារ៉ាតុងឃីកបុកស៊ីងដណ្តើមពានរង្វាន់ផងដែរ ហើយបេក្ខភាពដែលនឹងត្រូវចូលរួមប្រកួតនោះរួមមាន៖
– ប្រុស សំណាង
– រិគី ណងសាវ
– ម៉ាលី ខ្លាតូច
– ធន់ ចាន់សុខ។
បងប្អូនអាចចូលរួមទស្សនាដោយសេរី នៅស្ថានីយទូរទស្សន៍ថោន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV, Page៖ Town Full HDTV និង WURKZ ផងដែរ៕

ដោយ៖ វិកគី

