គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ ១៤៥០នាក់ហើយ

ប្រធានរដ្ឋសភាលោក Jorge Rodriguez បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើកជាប់ៗគ្នា ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ 1,450 កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ លោក Rodriguez បាននិយាយថា មនុស្សជាង 3,150 នាក់បានរងរបួស 12,721 នាក់ត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ហើយអគារចំនួន 774 បានដួលរលំ។ លោកបានមានប្រសាសន៍ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ដោយបន្ថែមថា អ្នកជួយសង្គ្រោះជាង ២៥.០០០នាក់រួមមាន បុគ្គលិកយោធា ប៉ូលីស ក្រុមការពារស៊ីវិល កាកបាទក្រហម និងអង្គការនានាបាននឹងកំពុងធ្វើការដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

លោក Rodriguez បាននិយាយថា បុគ្គលិកសង្គ្រោះអន្តរជាតិសរុបចំនួន 2,624 នាក់កំពុងសហការគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ រួមជាមួយនឹងសត្វឆ្កែចំនួន 137 ក្បាល និងរថយន្តជំនួយចំនួន 49 គ្រឿង។ កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា មនុស្សចំនួន 1,430 នាក់បានស្លាប់ និង 3,238 នាក់ផ្សេងទៀតបានរងរបួស។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ការរញ្ជួយដីចំនួនពីរលើកដែលមានកម្រិត 7.2 និង 7.5រ៉ិចទ័របានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះប្រមាណជា 39 វិនាទី។ ការរញ្ជួយដីកម្រិត 7.5 រ៉ិចទ័របានវាយប្រហារចម្ងាយ 23 គីឡូម៉ែត្រ (14.3 ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈដែលការរញ្ជួយដីកម្រិត 7.2 បានកើតឡើងនៅចម្ងាយ 23.9 គីឡូម៉ែត្រ (14.9 ម៉ាយ) នៅភាគឦសាននៃទីក្រុង San Felipe ក៏ដូចជានៅក្នុងរដ្ឋ Yaracuy ផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២