យោធាប៉ាគីស្ថាន នៅព្រឹកថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿងដែលបានចាប់ផ្តើមពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុងកាប៊ុលបានអះអាងថា ខ្លួន “បានជោគជ័យ” តម្រង់គោលដៅលើជំរុំក្រុម Daesh នៅក្នុងប្រទេសប៉ាគីស្ថាន។

ការវិវឌ្ឍន៍កើតឡើងចំពេលដែលភាពតានតឹងចុងក្រោយបង្អស់រវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីការវាយប្រហារដោយសកម្មប្រយុទ្ធលើទីតាំងសន្តិសុខមួយនៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន និងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ដោយទីក្រុង Islamabad សំដៅលើជំរុំភេរវករដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពប៉ាគីស្ថានបាននិយាយថា បណ្តាញការពារដែនអាកាសរបស់ខ្លួនបានរកឃើញ និងបន្សាបប្រព័ន្ធអាកាសអរិភាពដែលបាញ់ដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Balochistan ភាគនិរតី “ជាផ្នែកមួយនៃការឧបត្ថម្ភ និងគាំទ្រដល់ក្រុមភេរវករដែលប្រតិបត្តិការពីខាងក្នុងទឹកដីគ្រប់គ្រងរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ប្រសិនបើពួកតាលីបង់អាហ្វហ្គានីស្ថានបន្តបង្កហេតុទតៀត ពួកគេនឹងទទួលបាននូវការឆ្លើយតបដ៏សមរម្យ ដែលនឹងធ្វើឱ្យពួកគេខាតបង់យ៉ាងធ្ងន់ធ្ងរ” ។
អ្នកនាំពាក្យរងក្រសួងការពារជាតិអាហ្វហ្គានីស្ថាន Siddiqullah Nusrat បាននិយាយថា កងទ័ពអាកាសអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសលើជំរុំក្រុម Daesh ក្នុងតំបន់ Balochistan និងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ដោយបានបង្ក “ការស្លាប់ និងបាត់បង់សម្ភារៈយ៉ាងច្រើន” លើក្រុមភេរវករ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X លោក Nusrat បាននិយាយថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងដោយ “ភាពជាក់លាក់ដ៏អស្ចារ្យ”។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានភាពតានតឹងបន្ទាប់ពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនជាច្រើន។
ទីក្រុងអ៊ីស្លាម៉ាបាតចោទទីក្រុងកាប៊ុលថា បានអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធប្រើប្រាស់ទឹកដីរបស់ខ្លួន។តែអាហ្វហ្គានីស្ថានបដិសេធការចោទប្រកាន់នេះ៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា

