អបអរសាទរ! មន្ត្រី NOCC ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបច្ចេកទេសសង្គ្រោះ នៅប្រទេសចិន

ភ្នំពេញ៖ មន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោលើឆាកអន្តរជាតិ ដោយលោក សំ ពិសិដ្ឋ តំណាងឱ្យក្រុម Varman ដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ ក្នុងវិញ្ញាសាឯកត្តជន ការបោះខ្សែសង្គ្រោះបញ្ចូលគោលដៅ (Rope Throwing Accuracy) នៃកម្មវិធី The 6th Cloud Mountain Rescue Technology Competition Exchange Event ដែលរៀបចំឡើងនៅទីក្រុង Kunming សាធារណរដ្ឋប្រជាមានិតចិន។


សមិទ្ធផលនេះ គឺជាមោទនភាពមួយសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានឆ្លុះបញ្ចាំងពីសមត្ថភាព បច្ចេកទេស និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីកម្ពុជាក្នុងវិស័យសង្គ្រោះ។គួរបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនមន្ត្រីចំនួន ៧រូប ទៅចូលរួមវគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធន៍រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

តាមរយះគណះកម្មការអូឡាំពិកកម្ពុជាបានឱ្យដឹងថា លោក ពៅ ម៉េងគ័ង ប្រធានប្រតិភូដឹកនាំក្រុមកម្ពុជា បានឱ្យដឹងថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារសង្គ្រោះរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ២-បង្កើនចំណេះដឹង និងជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការងារជួយសង្គ្រោះ។ ៣-ការផ្លាស់ប្ដូរបទពិសោធន៍លើការងារសង្គ្រោះ ទាំងក្នុងតំបន់ភ្នំ និងលើផ្ទៃទឹក។

លោកបានបន្ថែមថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកម្ពុជា និងរួមចំណែកលើកកម្ពស់ការងារ សង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។

ជាមួយគ្នានេះដែរ ប្រតិភូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្តល់ឱកាស និងគាំទ្រការបញ្ជូនមន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ ដែលមិនត្រឹមតែបង្កើនសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២