សាហាវណាស់ រំ.លោ.ភស.ម្លា.ប់ អ្នកគ្រូពេទ្យជនជាតិចិនម្នាក់ នៅខណ្ឌដង្កោ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ ទៅលើគ្រូពេទ្យជនជាតិចិនម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់បន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិចិន មានមុខរបរជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅក្បែរកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២