បញ្ជាការកណ្តាលអាមេរិកថា បញ្ចប់ការវាយប្រហារបន្ថែម ប្រឆាំងនឹងអ៊ីរ៉ង់ តែប្រធានាធិបតី Trump ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នឹងបន្ត និងកាន់តែខ្លាំង នៅប៉ុន្មានថ្ងៃខាងមុខ

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(CENTCOM)បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានបញ្ចប់ការវាយប្រហារបន្ថែមមួយជុំទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារ គោលដៅយោធារាប់សិបកន្លែង នៅជិតច្រកសមុទ្រ Hormuz និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់។ CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានបាញ់គ្រាប់រំសេវជាក់លាក់ប្រឆាំងនឹងទីតាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ សមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្រក្នុងអំឡុងពេលរលកប្រាំពីរម៉ោង ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល”។

យោងតាមសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការវាយប្រហារទាំងនេះបានកើតឡើងនៅថ្ងៃដដែលដែលកងកម្លាំងអាមេរិកបានបន្តការបិទផ្លូវកងទ័ពជើងទឹកប្រឆាំងនឹងនាវាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់។ CENTCOM បាននិយាយថា “កងកម្លាំងអាមេរិកនៅតែមានការប្រុងប្រយ័ត្ន បង្កគ្រោះថ្នាក់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តប្រតិបត្តិការដែលដឹកនាំដោយមេបញ្ជាការ”។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នឹងបន្ត និងកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកំណត់គោលដៅរោងចក្រថាមពល និងស្ពានរបស់ប្រទេសនៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់វិលត្រឡប់មកតុចរចាវិញ។ ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើច្រកសមុទ្រហ័រមូសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នា ទោះបីជាមានអនុស្សរណៈយោគយល់គ្នាដែលសម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានផ្ញើលិខិតមួយទៅកាន់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទរំលោភលើអនុស្សរណៈយោគយល់គ្នានៅអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងបញ្ចប់សង្គ្រាម និងប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២