ភ្នំពេញ៖ ចិញ្ចឹមចិត្តចង់បានយូរហើយ ក្រោយពីបរាជ័យកាលពីពេលកន្លងទៅធ្វើឱ្យរបូតពាន ពេលនេះខុន បូឡា កីឡាករជើងខ្លាំងល្អក្បាច់ កម្លាំងខ្លាំងបានសម្រេចគោលបំណង ដោយក្រសោបបានពានរង្វាន់ពីសង្វៀន Cambodia Mas Fight ចូលក្លឹប ។


កីឡាករ ខុន បូឡា ឡើងជង្គង់ប្រយោល និងកណ្ដាប់ដៃដើម្បីយកឈ្នះដៃគូ កាលពីថ្ងៃអាទិត្យកន្លងទៅ ពិតជាធ្វើបានយ៉ាងល្អសាកសមជាអ្នកប្រយុទ្ធ នៅលើសង្វៀនក្បាច់គុនច្រើនឆ្នាំពិតប្រាកដមែន ទាំងក្បាច់ បច្ចេកទេស កម្លាំងស៊ុសគឺមកជាកញ្ចប់តែម្តង មិនថា ប៉ះដៃគូរូបណា ក៏នៅតែជក់ចិត្ត ដ្បិតប្រកួតតានតឹង តែកីឡាកររូបនេះនៅតែធ្វើបានយ៉ាងល្អ។
តាមរយៈកិច្ចសម្ភាសន៍ ក្រោយយកឈ្នះគូប្រកួតជុំទីមួយលើកីឡាករម៉ុន ប៊ុនឈាង ហើយបន្តឈ្នះជុំទីពីរទៀតលើកីឡាករជើងខ្លាំងរីគី នរះសុធី កីឡាករខុន បូឡាបានបង្ហើបប្រាប់ថា ប៉ះសុធីរាងលំបាកបន្តិច ព្រោះដៃគូរូបនេះល្អខ្លាំងណាស់ ដើរបុកចូលវាយ និងការវៃកែងល្អ។ ប៉ុន្តែគេដឹងរបៀបរកជ័យជំនះដោយការវាយកាត់ និងបោះជង្គង់កាត់ ពិសេសការម៉ាត់ប្រើកណ្តាប់ដៃ ទើបធ្វើឱ្យរូបគេអាចទទួលជ័យជំនះលើដៃគូបាន ។
គួរជម្រាបថា គិតត្រឹមពេលនេះ ម្ចាស់ពានCambodia Mas Fight រកឃើញបានចំនួន៤ រូបហើយ ដោយសប្តាហ៍ទី១ បានទៅលើកីឡាករពេជ្រ សុឃីម ,សប្តាហ៍ទីពីរបានទៅលើកីឡាករសឹង្ហ ឡេង , សប្តាហ៍ទី៣ បានទៅលើភក្តី ដាលីន, និងសប្តាហ៍ទី៤បានទៅលើ ខុន បូឡា៕

ដោយ៖ វិកគី

