យ៉ាងហោចណាស់មនុស្សចំនួន 20 នាក់បានស្លាប់ និងជាង 100 នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់បានវាយប្រហារខេត្ត Nuristan ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ។នេះជាសោកនាដកម្មដ៏រន្ធត់មួយសម្រាប់ប្រទេសអាហ្គានីស្ថាន។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន (ANDMA) បាននិយាយថា មនុស្សជាង 80 នាក់បានរងរបួសផងដែរនៅក្នុងទីក្រុង Parun នៃខេត្តនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar ។

អ្នកនាំពាក្យ ANDMA លោក Yusuf Hammad បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ដោយក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះនោះ។ លោកបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងអាចកើនឡើងច្រើនជាងនេះ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តរហូតមកដល់ពេលនេះ៕

ប្រភប៖ A News
ប្រែសម្រួលដោយ៖ វាសនា

