ភ្នំពេញ៖ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ជើងទី២ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នារាត្រីនេះនឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមបាល់ទះកម្ពុជា ដែលត្រូវប្រឈមនឹងជើងខ្លាំង ឥណ្ឌូណេស៊ី នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។ ជាពិសេស ពួកគេកំពុងដាក់ចិត្តសងសឹកលើក្រុមកម្ពុជា បន្ទាប់ពីពួកគេបានចាញ់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ដដែលនេះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។


ក្រុមបាល់ទះកម្ពុជា និង ឥណ្ឌូណេស៊ីធ្លាប់បានជួបគ្នា ១០ លើករួចមកហើយ គឺ កម្ពុជា ឈ្នះ ១លើក ហើយឥណ្ឌូណេស៊ី ឈ្នះ៩ លើក ក្នុងនោះ ៦ លើកនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥណ្ឌូណេស៊ី ឈ្នះដោយលទ្ធផល ៣-០ ចំនួន ៥ លើក និងឈ្នះដោយលទ្ធផល ៣-១ មួយលើក។ ជួបគ្នា ៤ លើកទៀតគឺក្នុងពានរង្វាន់ SEA V. Cup គឺ ឥណ្ឌូណេស៊ី ឈ្នះដោយពិន្ទុ ៣-០ ចំនួន ៣ លើក ប៉ុន្តែការជួបគ្នាចុងក្រោយនេះ កម្ពុជាបានយកឈ្នះ ដោយលទ្ធផល ៣-២សិត នៅវគ្គផ្តាច់ព្រ័ត្រ ដែលបានក្លាយជាម្ចាស់ជ័យលាភីលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា លើឥណ្ឌូណេស៊ី។
សម្រាប់ការត្រៀមខ្លួន SEA V. Cup ឆ្នាំ ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូណេស៊ីនាល្ងាចនេះបានផ្លាស់ប្តូរកីឡាករថ្មី ដើម្បីប្រជែងជើងឯក។ ស្មាត់ស្តាំ Doni ត្រូវបានជម្រុះចេញពីបញ្ជីជម្រើសជាតិឥណ្ឌូណេស៊ី ហើយយកស្មាត់ Luvi ជាកីឡាករល្អបំផុត ២ លើកជាប់គ្នាក្នុងពានរង្វាន់តេជោលីគមកជំនួសវិញ។


សម្រាប់កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រ ២ គឺ បានឈ្នះជើងឯក SEA V. Cup ជាលើកដំបូង ដោយបានយកឈ្នះ ឥណ្ឌូណេស៊ី ហើយកំពុងបោះជំហានទៅរកការចូលរួមប្រកួតជើងឯកអាស៊ី AVC Cup ជាលើកដំបូង។
ចំណែក ឥណ្ឌូណេស៊ី បានឈ្នះជើងឯកពានរង្វាន់អាស៊ី AVC Cup ជាលើកដំបូងនៅឆ្នាំ ២០២៦ នេះ។ ប្រសិនបើ ពួកគេមិនបានឈ្នះជើងឯក SEA V. Cup ឆ្នាំ ២០២៦ នៅជើងទី ២ ទេ ពួកគេប្រហែលជាគ្មានឱកាសទៅប្រកួតការពារជើងឯកអាស៊ី AVC Cup នៅឆ្នាំ ២០២៧នោះទេ៕

ដោយ៖ វិកគី

