ខេត្តព្រះសីហនុ ៖ កម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានរកឃើញសពជនរងគ្រោះដែលបាត់ខ្លួនពេលមុជទឹកចុះទៅបាញ់ត្រីនៅបាតសមុទ្រ ម្តុំក្រោមស្ពានកោះពស់នោះហើយ ។

បើយោងតាមទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានប្រកាសនាព្រឹកថ្ងៃទី២២ ខែកក្កដានេះថា ៖ យោងតាមបទបញ្ជារបស់ ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខ ចំនួន៨រូប ដឹកនាំដោយ វរនាវីត្រី គួប ពិន មេបញ្ជាការរងកងនាវាអន្តរាគមន៍ បានប្រើប្រាស់មធ្យោបាយអូប័រចំនួន២គ្រឿង (RIHB លេខ១៣៣ និងអូប័រ៦០សេះ របស់ស្នាក់ការសន្តិសុខកោះតាង) បន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះឈ្មោះ ផែន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបានចុះមុជទឹកបាញ់ត្រី នៅក្រោមស្ពានកោះពស់ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។
លុះដល់វេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះ នៅចំណុចនិយាមកា Lat: 10°33’18″N, Long: 103°33’21″E ស្ថិតនៅជិតស្ពានអូត្រេះ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ច និងមន្ត្រីជំនាញ ព្រមទាំងក្រុមគ្រូពេទ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វិសាល

