អបអរសាទរ ប្រទេសចិនបានផ្តល់ការអនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចេញសំបុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សាររបស់ខ្លួនហើយ

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។

នៅក្នុងលិខិតចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់ទុកថា នេះគឺជាការបើកទំព័រថ្មីនៃការនាំចេញសំបុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងបងប្អូនអាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន៦ ឱ្យធ្វើការទំនាក់ទំនងជាមួយគយចិនដើម្បីនាំសំបុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារប្រទេសមួយនេះ តែពេលនេះមានតែក្រុមហ៊ុនមួយប៉ុណ្ណោះទទួលបានការអនុញ្ញាតពីគយចិនមុនគេ។

ដោយឡែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងថា ក្រុមហ៊ុនដែលត្រូវបានចិនអនុញ្ញាតជាផ្លូវការក្នុងការនាំចេញសំបុកត្រចៀកកាំដំបូងគេនេះមានឈ្មោះ«Best Life Product Co., Ltd.» ។ក្រុមហ៊ុននេះកំពុងរៀបចំដើម្បីធ្វើការបញ្ជូនសំបុកត្រចៀកកាំសម្រាប់ការនាំចេញក្នុងពេលឆាប់ៗនេះ។

ជាមួយនឹងការអនុញ្ញាតជាផ្លូវការក្នុងការនាំចេញសំបុកត្រចៀកកាំដំបូងគេជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះដែរប្រធានសមាគមត្រចៀកកាំខ្មែរ សង្ឃឹមជឿជាក់ថានឹងជួយពង្រឹងគុណភាពសំបុកទឹកមាត់ត្រចៀកកាំក្នុងប្រទេសកម្ពុជាទាំងគុណភាព និង បរិមាណ។ព្រមជាមួយគ្នានេះលោកក៏ដាក់ក្តីរំពឹងផងដែរថា ទីផ្សារសំបុកទឹកមាត់ត្រចៀកកាំនៅកម្ពុជានឹងល្អបន្ថែមទៀត ដែលនេះជាផ្នែកមួយសំខាន់សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២