នាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យគ្រប់ភាគីប្រឆាំងតវ៉ាទាំងអស់រក្សាភាពស្ងប់ស្ងាត់

បាងកក៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃបានអំពាវនាវឱ្យគ្រប់ភាគីប្រឆាំងតវ៉ាឲ្យរក្សាភាពស្ងប់ស្ងាត់ ខណៈដែលភាពតានតឹងរវាងក្រុមបាតុករប្រឆាំងទាមទារឲ្យលោកប្រាយុទ្ធ លាលែងពីតំណែង និងក្រុមរាជានិយម នៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមបាតុករបានធ្វើបាតុកម្មអស់រយៈពេលជាច្រើនខែមកហើយ ដែលចលនានេះដឹកនាំដោយក្រុមនិស្សិត ដែលបានអំពាវនាវឱ្យមានការកែទម្រង់លទ្ធិប្រជាធិប្បតេយ្យ ខណៈក្រុមបាតុករខ្លះទាមទារកែទម្រង់របបរាជាធិបតេយ្យដែលមានអំណាចលើសលប់របស់ប្រទេសថៃ។ ការទាមទាររបស់ចលនានេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្រុមរាជានិយម និងជំរុញឲ្យក្រុមរាជានិយមធ្វើបាតុកម្មប្រឆាំងតបតរ ដែលនាំឱ្យមានការវាយតប់គ្នាបន្តិចបន្តួចរវាងក្រុមអ្នកតវ៉ាទាំងពីរភាគី។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ទាក់ទងនិងករណីនេះថា ភាគីទាំងពីរមានសិទ្ធិ “បញ្ចេញមតិរបស់ពួកគេ” ដរាបណាវាស្ថិតក្នុងច្បាប់ ប៉ុន្តែ“ ការប្រឈមមុខដាក់គ្នាមិនមែនជាវិធី ដើម្បីដោះស្រាយបញ្ហានោះទេ” ។ ខ្ញុំសូមទទូចឱ្យគ្រប់ភាគីទាំងអស់ចៀសវាងពីការប៉ះទង្គិច និងការរំលោភបំពានច្បាប់ហួសហេតុ ដែលអាជ្ញាធរនឹងត្រូវប្រើគ្រប់វិធានការណ៍ដើម្បីអនុវត្តច្បាប់។ ទោះយ៉ាងណាលោកប្រាយុទ្ធ អតីតមេបញ្ជាការយោធាដែលបានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៤ បាននិយាយថា រដ្ឋាភិបាលមិនប្រកាន់ជំហរនៅខាងណាមួយឡើយ។

គួរជម្រាបថា ការអំពាវនាវរបស់លោក ប្រាយុទ្ធ កើតឡើងពីរថ្ងៃបន្ទាប់ពីប៉ូលីសបានដាក់ពង្រាយកាណុងបាញ់ទឹកជាការព្រមានមួយប្រឆាំងនឹងក្រុមបាតុករដែលប៉ុនប៉ងប្រគល់លិខិតទៅព្រះមហាក្សត្រ Maha Vajiralongkorn ។ រហូតមកដល់ពេលនេះសកម្មជននិងមេដឹកនាំនិស្សិតជាច្រើននាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទចូលរួមក្នុងការតវ៉ា ដោយអ្នកខ្លះប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ និងបង្កអំពើហឹង្សាដល់ព្រះមហាក្សត្រិយានី។ ដោយឡែក មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា មានការចាប់ខ្លួនក្នុងអំឡុងពេលនៃការជួបជុំរបស់ក្រុមរាជានិយមនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២