ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។

ការសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនាបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានប្តឹងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា និងមនុស្សមួយចំនួមទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ពីបទ៖ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប៉ះពាល់ដល់សេរីភាពបុគ្គល មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត ប្រព្រឹត្តនៅម្តុំក្រោយក្រុមហ៊ុនទូរស័ព្ទ សែលកាត កាលពីអំឡុងម៉ោង០៥ ទៅ ម៉ោង០៦ ល្ងាច នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ និង អគ្គស្នងការដ្ឋាននគរបាលជាតិ មានអាសយដ្ឋាន មហាវិថី ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕


ដោយ៖ ឧត្តម

