ភ្នំខ្នងផ្សារមានសក្តានុពលផ្នែកទេសចរណ៍ខ្លាំងណាស់

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ជាគោលដៅលំហែបៃតង និងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ដោយផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍ ដើម្បីធានាថាប្រជាសហគមន៍ប្រមាណជា១០០គ្រួសារ ទទួលបានផលប្រយោជន៍ពិតប្រាកដ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

ក្រសួងបរិស្ថាននាពេលកន្លងមកថ្មីៗនេះ បានដឹកនាំប្រតិភូអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជា២០ស្ថាប័នចូលរួមផ្សព្វផ្សាយសក្តានុពលនៃគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្រសួងបរិស្ថាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួយអភិវឌ្ឍន៍ការផ្តល់សេវាកម្មទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់តំបន់លំហែបៃតងភ្នំខ្នងផ្សារ ដូចជាបានសាងសង់ផ្លូវប្រវែង ជាង៧គម ភ្ជាប់ពីវត្តតាំងបំពង់ មកដំណាក់ដំរី ជើងភ្នំខ្នងផ្សារ ហើយនៅទីនោះ បានសាសង់ឱ្យមានមជ្ឍមណ្ឌលព័ត៌មាន កាហ្វេដំណាក់ដំរី ផ្សារសហគមន៍តំណាក់ដំរី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

 

លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងបានឱ្យដឹងថា បច្ចុប្បន្នតំបន់លំហែបៃតងខ្នងផ្សារ កំពុងទទួលបានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនក្នុង១ថ្ងៃៗ។ ជាមួយគ្នានេះអ្នកទេសចរណ៍គ្រប់វ័យអាចឡើងមកភ្នំខ្នងផ្សារ ហើយជាពិសេសនោះ ប្រជាសហគមន៍បានចំណូលសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃប្រសើរជាងមុនពេល មានការអភិវឌ្ឍនៅក្នុងតំបន់។

លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខអ្នកសារព័ត៌មានដែលអញ្ជើញមកភ្នំខ្នងផ្សារ នាថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៦ ថា ក្រសួងបរិស្ថាន បានគាំទ្រដល់ជីវភាពសហគមន៍ និងបានចាប់ផ្តើមសាងសង់ជួសជុលផ្លូវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ គម្រោងលម្ហែបៃតងភ្នំខ្នងផ្សារ បានប្រែក្លាយសហគមន៍មូលដ្ឋាននៅតំបន់នេះ មានចលនាដើម្បីភាពស្អាត បៃតង ដ៏រស់រវើកជាបណ្តើរៗ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រមួយចំនួន ដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ចំណតឡាន កន្លែងផ្តល់ព័ត៌មាន ផ្សាសហគមន៍ ហាងកាហ្វេ និងប្រព័ន្ធផ្គត់ផ្គង់ទឹក។ ក្រៅពីនោះ ក្រសួងក៏បានជួយបណ្ដុះបណ្ដាលជំនាញ សង្រ្គោះបឋម ដែលកន្លងទៅថ្មីៗនេះ សហគមន៍បានរៀបចំនិងប្រតិបត្តិសម្រួលដល់អ្នកទេសចរណ៍ចុះពីលើភ្នំប្រកដោយសុវត្ថិភាព នៅពេលមាន ទឹកភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំ។ លើសពីនេះយើងបានផ្តល់បច្ចេកទេសដាំដុះដំណាំ និងជាពិសេសធ្វើការ ដាំដើមឈើជាច្រើន នៅតាមដងផ្លូវឆ្ពោះមកដំណាក់ដំរី និងតំបន់ជុំវិញ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាននៅក្នុងសសរស្តម្ភទី២ គឺ«ភាពបៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានជំរុញឱ្យមានការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការបង្កើនគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ។ គម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ បានកំពុង ជំរុញសហគមន៍ឱ្យមានភាពជាម្ចាស់ ជាអ្នកការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពជូនប្រជាសហគមន៍ ដែលរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រសួងបរិស្ថាន បានសាងសង់នឹងផ្តល់ឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ជួយជំរុញការលក់ដូរផលិតផលសហគមន៍ សម្រាប់បម្រើទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

 

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍលម្ហែបៃតងភ្នំខ្នងផ្សារនេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់ភ្នំខ្នងផ្សារ គ្របដណ្តប់ទៅដោយព្រៃភ្នំដ៏ធំល្វឹងល្វើយ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត ព្រមទាំងជាជម្រកនៃសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ជាង ១ ១៨៥ម៉ែត្រ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពធម្មជាតិ បានជុំវិញខ្លួន ៣៦០ ដឺក្រេ យ៉ាងស្រស់ស្អាតគ្រប់រដូវកាល៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២