សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះបានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្រុមហ៊ុន MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។
ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕


