រថយន្ត​ LEXUS មួយគ្រឿងកំពុងបើកលើដងផ្លូវសុខៗស្រាប់តែមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹកពន្លត់

ភ្នំពេញ៖ រថយន្តLEXUS CT200H មួយគ្រឿង ខណៈម្ចាស់កំពុងបើកសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តមកពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលកួចកាណុងគល់ស្ពានជ្រោយចង្វា   សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក LEXUS CT200H ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BC-1302 ធ្វើដំណើរចេញពីផ្លូវព្រះមុនីវង្សរួចបត់ស្តាំឆ្ពោះទៅស្ពានជ្រោយចង្វា ខណៈពេលបើកមកដល់ចំណុចរង្វង់មូលកួចកាណុង ស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះម្ចាស់រថយន្តនិងពលរដ្ឋក្បែរខាងនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅមន្ត្រីជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

ក្រោយមកកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលដំណឹងខាងលើក៏បញ្ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ។

បន្ទាប់ពីកម្លាំងជំនាញបាញ់ទឹកពន្លត់ចប់ឃើញថា​ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង​ទេីបភ្លើងរលត់ទៅវិញទាំងស្រុង​ ខណៈអ្នកបេីកបរ​ឬអ្នកដទៃទៀតមិនមានគ្រោះថ្មាក់នោះឡើយ​៕​

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២