បុរសម្នាក់មិនដឹងថា មានបញ្ហាអ្វីបានបើករថយន្ដបុករះម៉ូតូ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក ISUZU D-MAX បានរេចង្កូតទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ហើយរថយន្តបន្តទៅបុកជញ្ជាំងផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ខិម សុខេម ភេទប្រុស អាយុ២៥ឆ្នាំ រងរបួស ជើងខាងឆ្វេង និងដៃខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិចំបក់ប្រាសាទ ឃុំ ក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះទី២មានឈ្មោះ វ៉ាត សុយ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ រងរបួស នៅលើផ្ទៃមុខ និងចុកក្រលៀន មានអាសយដ្ឋាននៅ ភូមិ ចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿងមានគ្នា៤នាក់ជិះធ្វើដំណើរតាមបណ្តោយផ្លូវបេតុងចេញពីម្តុំវត្តជន្លង់ម្លូឆ្ពៅទៅផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 2BL-2338 បើកលឿនរេចង្កូតទៅបុករះម៉ូតូទាំង២គ្រឿង និងកិនអូសមួយគ្រឿងជាក់ក្រោមរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ហើយរថយន្តបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះ២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកជនរងគ្រោះ០២នាក់ទៀតខាងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងជួយយកបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យកទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ៕

   

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២