អាជ្ញាធរជាតិអប្សរា​គ្រោង​នឹង​បញ្ចប់​ការ​ជួសជុល​កំពែង​ក្រុង​អង្គរធំ ប្រវែង ១៥​ម៉ែត្រ ​នៅ​​ដំណាច់​ឆ្នាំ​២០២៦​នេះ​

ក្រុម​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ចំណាយ​​​​ពេល ​៦​ខែ​​ ដើម្បី​ថែទាំ​ ជួសជុល ​និង​ពង្រឹង​កំពែង​​ថ្ម​បាយ​ក្រៀម ​​​នៅ​ផ្នែក​ខាង​ត្បូង ​ឆៀង​ខាង​លិច​ នៃ​ខ្លោង​ទ្វារ​ទន្លេ​អុំ ​របស់​ក្រុង​អង្គរ​ធំ​ ឱ្យ​រួច​ផុត​ពី​ការ​បាក់​បែក​ហើយ​រឹងមាំ​ឡើង​វិញ។​

​លោក ​ម៉ៅ សុខនី ​មន្ត្រី​បច្ចេកទេស​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ឱ្យ​ដឹង​ថា ​គម្រោង​ថែទាំ ​ជួសជុល និង​ពង្រឹង​គ្រឹះ​កំពែង​ក្រុង​អង្គរ​ធំ​ និង​ជណ្តើរ​ខាង​ក្នុង​ដែល​មាន​តួនាទី​ជួយ​ទប់​ជញ្ជាំង​និង​ខ្លោង​ទ្វារ ​នៅ​ផ្នែក​ខាង​ត្បូង ​ឆៀង​ខាង​លិច​ នៃ​ខ្លោង​ទ្វារ​ទន្លេ​អុំ ​​ប្រវែង ១៥​ម៉ែត្រ ​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ២០២៦។​ ​ការ​អនុវត្តគម្រោង​ជួស​ជុល​​​រយៈពេល​២​ខែ​កន្លះ​​មក​នេះ ​លទ្ធផល គឺ​​សម្រេច​បាន​ប្រមាណ​​​​ជាង ៤៥% ​​ដោយ​ក្នុង​នោះ មាន​ដូច​ជា​ ការ​ពង្រឹង​គ្រឹះ ​រៀប​ជញ្ជាំង​បាន​ប្រវែង​​​​ ៦​ម៉ែត្រ ​រីឯ​កាំ​ជណ្តើរ ​រៀប​បាន​ប្រហែល ១៥​ម៉ែត្រ។ ​ដោយ​ឡែក ការងារ​ដែល​នៅ​សេស​សល់ ​ដូច​ជា ​នៅ​តាម​ក្បាល​​ជញ្ជាំង​កំពែង​ផ្នែក​ខាង​លិច​ប្រវែង​ជិត ១០​ម៉ែត្រ ​និង​ផ្នែក​ខាង​លើ​ប្រហែល ៣​រួត​ទៀត ​នឹង​ត្រូវ​ដាប់​ឆ្លាក់​ធ្វើ​ជា​​ខ្សែ​ក្បាច់​​​​ទៅ​​​​តាម​លំនាំ​ដើម ​​បង្ហាប់​ដី​ផ្នែក​ខាង​លើ ដោយ​ប្រើ​កម្ទេច​ថ្ម​បាយ​ក្រៀម​ និង​ធ្វើ​ឱ្យ​មាន​ផ្លូវ​ទឹក​ហូរ។ ​នៅ​តាម​ផ្នែក​កាំជណ្តើរ ​នឹង​ធ្វើការ​ចាក់​ដី​បំពេញ ​ដើម្បី​ជួយ​ទប់​ជញ្ជាំង​កុំ​ឱ្យ​ទ្រេត។ ​គម្រោង​ជួស​​ជុល​នេះ ​គ្រោង​​នឹង​បញ្ចប់ ​នៅ​ដំណាច់​ឆ្នាំ២០២៦​ខាងមុខ​​​។

លោក​ ​សុខនី​ ឱ្យ​ដឹង​ទៀត​ថា ​ការ​ជួសជុល ​គឺ​អនុវត្ត​ទៅ​តាម​បច្ចេក​ទេស​ពី​បុរាណ​ ដោយ​ធ្វើការ​រើ​ថ្ម​ពី​លើ​ចុះ​ក្រោម ​ម្តង​មួយ​រួតៗ​ រួច​ហើយ​ធ្វើការ​ជួសជុល​ពង្រឹង​ទាំង​​ផ្នែក​ខាង​ក្នុង ​និង​ខាង​ក្រៅ។ កំពែង​ទៀត​សោត ​គឺ​រៀប​​ជញ្ជាំង​ទាំង​​ខាង​ក្នុង និង​ខាង​ក្រៅ ​ដោយ​ខាង​ក្នុង សង់​ពី​ថ្ម​ភក់​​ត្រូវ​ចាក់​ដី​បំពេញ​ប្រហែល ១៥​ម៉ែត្រ​ ឯ​ផ្នែក​ខាង​ក្រៅ​ជា​ថ្ម​បាយ​ក្រៀម ​។ ​

ស្ថានភាព​កំពែង​ក្រុង​អង្គរ​ធំ​ប្រវែង ១៥​ម៉ែត្រ ​នៅ​ផ្នែក​ខាង​ត្បូង ​ឆៀង​ខាង​លិច នៃ​ខ្លោង​ទ្វារ​ទន្លេ​អុំ ​បាន​​​រង​ការ​ខូច​ខាត​ជា​យូរ​មក​ហើយ ​ដោយសារ​អាយុ​កាល​នៃ​ថ្ម ​និង​កត្តា​ធម្មជាតិ​ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​មួយ​ចំនួន ​​ដូច​ជា ជញ្ជាំង​ថ្ម​បាយ​ក្រៀម​បាន​ហែក​ចេញ​ពី​គ្នា​ និង​ថ្ម​មួយ​ចំនួន​បាន​រលុះ​ធ្លាក់។ ​ចំពោះ​រចនា​សម្ព័ន្ធ​ស្លាប​ខ្លោង​ទ្វារ​ នៅ​ទិស​ខាង​លិច​វិញ​​ ក៏​មាន​ការ​ខូចខាត​ច្រើន​ដែរ ​ដោយសារ ការ​ទ្រេត ​ការ​បាត់​ផ្នែក​​ដំបូល​ ហើយ​ថ្ម​ដែល​នៅ​សល់​តិចតួច​មាន​ដូច​ជា ​ថ្មរូប​ទេព​ខ្លះ​ៗ​ ​និង​​ថ្មខឿន​នៃ​ខ្លោងទ្វារ។ ​រីឯ​កាំ​ជណ្តើរ ​ក៏​ទទួល​រងបញ្ហា​ទឹក​ហូរ​ច្រោះ​ ធ្វើ​ឱ្យ​ជញ្ជាំង​ផ្នែក​ខាង​ក្នុង​ហែក​ក្រៀក​ពី​គ្នា ​ធ្វើ​ឱ្យ​​បាត់​ស្លាក​ស្នាម​រូបរាង​ដើម​របស់​​កាំជណ្តើរ ព្រមទាំង​ថ្ម​ភក់​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​​​ពី​ទីតាំងជា​​ដើម។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២